បរទេស៖ វាបានក្លាយទៅជាដំណឹងដ៏ល្អមួយសម្រាប់ក្លឹបប្រជែងរបស់ Spurs ទាំងអស់នៅពេលដែលកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន Harry Kane បានធ្វើការបញ្ជាក់ប្រាប់ទៅកាន់ក្លឹបច្បាស់ហើយថាគាត់ពិតជាចង់ចាកចេញពីទីនេះមែននៅរដូវក្តៅនេះដើម្បីអាចចាប់យកអនាគតដ៏ភ្លឺស្វាងមួយបាន។
កីឡាករអង់គ្លេសវ័យ២៧ឆ្នាំរូបនេះចាប់ផ្តើមមានអារម្មណ៍មិនសូវរីករាយជាយូរមកហើយពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់ក្លឹបក្នុងការប្រកួតប្រជែងនៅក្នុងពានរង្វាន់ធំៗទាំងក្នុងស្រុក និងក្រៅស្រុកហើយជាពិសេសសូម្បីតែឧិកាសទៅលេងនៅ Champions League រដូវកាលក្រោយនោះក៏បាត់បង់រួចទៅហើយដែរ។
ក្នុងនោះផងដែរ Spurs ក៏បានដឹងជាយូរមកហើយដែរអំពីបញ្ហានេះប៉ុន្តែមិនចង់បាត់បង់ Kane ទៅក្នុងតម្លៃធូរថ្លៃនោះទេដូចនេះកីឡាករផ្ទាល់តែងតែសង្ឃឹមថាក្លឹបនឹងមានការយោគយល់ដោយសារតែអ្វីដែលខ្លួនបានខិតខំជួយក្លឹបរយៈពេលជាយូរមកហើយនោះផងដែរ។
បច្ចុប្បន្នកុងត្រារបស់ Kane បច្ចុប្បន្នមានរហូតទៅដល់ឆ្នាំ២០២៤ ហើយមកដល់ពេលនេះក្លឹបធំៗនៅអង់គ្លេសមានទាំង Man UTD, Man City និង Chelsea ផងសុទ្ធតែមានបំណងចង់បានកីឡាករខ្សែប្រយុទ្ធជួរមុខរបស់អង់គ្លេសរូបនេះដូចគ្នា៕