បើនិយាយអំពីទីកន្លែងដ៏គួរឱ្យភ័យខ្លាចបំផុតនៅក្នុងប្រទេសយើងវិញ ភាគច្រើនប្រហែលជាក្នុងវត្ត ឬបច្ឆាដុតខ្មោច និងផ្ទះដែលមានវិញ្ញាណខ្មោចសណ្ថិតដ៏គួរឱ្យព្រឺព្រួចនោះមិនខាន តែសម្រាប់នៅបរទេសវិញក៏មានទីកន្លែងចម្លែកៗជាច្រើនដែលគួរឱ្យព្រឺខ្លាចភ័យរន្ធត់រហូតដល់លោកអ្នកនឹកស្មានមិនដល់ដែរ។
ថ្ងៃនេះ យើងសូមនាំយកមកជូននូវ 22 ទីកន្លែងដ៏កំពូលគួរឱ្យភ័យខ្លាចពីប្រទេសនីមួយៗមកជូនទស្សនា ដូច្នេះសូមនាំគ្នាសាកល្បងមើលទៅមើល៍ថា តើមានទីកន្លែងណាខ្លះដែលគួរភ័យខ្លាច និងមិនគួរឈានជើងចូលទៅយ៉ាងណាខ្លះ?។
1 . ទីកប់ខ្មោចជនជាតិជីហ្វ ទីក្រុង ប្រាក ប្រទេសសាធារណរដ្ឋ ឆេក

ជាទីកប់ខ្មោចចំណាស់មួយដែលធ្វើពិធីបញ្ចុះសពមកជិត 4 ទស្សវត្សរ៍ តាំងពីឆ្នាំ 11439 – 1787 ។ ដោយទំហំដីដ៏តូចមួយនេះមានចំនួនសាកសពដែលបានកប់បញ្ចុះនៅក្នុងទីនេះច្រើនដល់ទៅ 100.000 សាកសព និងមានរណ្តៅសពច្រើនដល់ទៅ 12.000 រណ្តៅ ដែលត្រូវបែងរណ្តៅកប់សាកសពជាជាន់ៗច្រើនរហូតដល់ទៅ 12 ជាន់ឯណោះ។
2 . កោះតុក្កតា ប្រទេស ម៊ិកស៊ិកកូ

ក្នុងឆ្នាំ 1950 អាចារ្យខ្មោចម្នាក់នៅលើកោះមួយនេះឈ្មោះថា ជូលៀន សានតាណា បារេរ៉ា បានឃើញស្រីក្រមុំម្នាក់លង់ទឹកស្លាប់នៅនឹងមុខគាត់ តែគាត់មិនអាចជួយបាន។ បន្ទាប់ពីនោះមិនយូរប៉ុន្មាន គាត់ក៏បានប្រទះឃើញតុក្កតាមួយអណ្តែតទឹកមក ទើបគិតថា ប្រហែលជារបស់ស្រីក្រមុំម្នាក់នោះហើយ។ ក្រោយមកគាត់ចាប់ផ្តើមត្រូវវិញ្ញាណខ្មោចស្រីក្រមុំនោះតាមលងបន្លាច និងចាប់ផ្តើមប្រមូលសន្សំតុក្កតាជារឿយៗ ដើម្បីឱ្យវិញ្ញាណរបស់ខ្មោចស្រីក្រមុំនោះមកសណ្ថិតក្នុងតុក្កតាទាំងនោះ។ រហូតមកដល់បច្ចុប្បន្ននៅលើកោះនោះមានតុក្កតាច្រើនជាង 1.500 ដែលមានសភាពគួរឱ្យភ័យខ្លាចជាទីបំផុត។
3 . កោះហាឈិម៉ា ប្រទេស ជប៉ុន

កោះហាឈិម៉ាដែលកាលពីអតីតធ្លាប់ជាអណ្តូងរ៉ែធ្យូងថ្មដែលបង្កើតឡើងក្នុងឆ្នាំ 1887 និងធ្លាប់ជាទីកន្លែងមួយដែលមានចំនួនប្រជាជនច្រើនកុះករបំផុតលើពិភពលោក ដោយនៅឆ្នាំ 1959 មានចំនួនប្រជាជនរស់នៅលើកោះដែលវែងត្រឹមតែ 1 គីឡូម៉ែត្រនេះដល់ទៅ 5.259 នាក់ឯណោះ។

រហូតដល់ពេលក្រោយមក ធ្យូងថ្មលែងមានការនិយមប្រើប្រាស់ទៅ កោះអណ្តូងរ៉ែធ្យូងថ្មនេះក៏ត្រូវបានបិទចោលនៅឆ្នាំ 1974 ធ្វើឱ្យកោះមួយនេះចាប់ផ្តើមលែងមានមនុស្សនៅ និងចាប់ផ្តើមមានពាក្យចចាមអារ៉ាមល្បីថា មានវិញ្ញាណខ្មោចដ៏ច្រើនសណ្ថិតវិលវល់នៅលើកោះនេះ។
4 . ព្រះវិហារនៃឆ្អឹងមនុស្ស ប្រទេស ព័រទុយហ្កាល់

ព្រះវិហារមួយនេះត្រូវបានសាងសង់ឡើងក្នុងសតវត្សទី 16 ដោយបព្វជិតម្នាក់ដែលមានឈ្មោះថា ហ្វ្រានស៊ីស្កាន់ ដោយវាមានប្រវែងទទឹងត្រឹមតែ 11 ម៉ែត្រ និងបណ្តោយត្រឹមតែ 18.6 ម៉ែត្រប៉ុណ្ណោះ។

តែអ្វីដែលគួរឱ្យព្រឺក្បាលនោះគឺ ព្រះវិហារមួយនេះត្រូវបានសាងឡើងដោយឆ្អឹងរបស់អ្នកបួសច្រើនជាង 5.000 នាក់ ដោយនៅលើដំបូលមានតួអក្សរធំៗសរសេរថា “ថ្ងៃស្លាប់ប្រសើរជាងថ្ងៃកើត” ។
5 . ព្រៃធ្វើអត្ថឃាត ប្រទេស ជប៉ុន

គឺជារហស្សនាមរបស់ព្រៃ អាអូគិហារ៉ា ដែលស្ថិតនៅលើកោះ ហន់ស៊ូ ព្រោះទីនេះជាកន្លែងមួយដែលមនុស្សម្នាចូលទៅធ្វើអត្ថឃាតអស់ចំនួនដ៏ច្រើន ជាប់លំដាប់លេខ 2 របស់ពិភពលោក បន្ទាប់ពីលំដាប់លេខ 1 គឺស្ពានហ្គោលឌឹន ហ្គេត នៅក្នុង សានហ្វ្រានស៊ីស្កូ រហូតដល់ថ្នាក់អាជ្ញាធរត្រូវធ្វើផ្ទាំងប៉ាយមានតួអក្សរមកបំពាក់ប្រាប់ថា “ជីវិតរបស់អ្នកគឺជាអំណោយដ៏មានតម្លៃបំផុតរបស់ឪពុកម្តាយអ្នក នឹកដល់ក្រុមគ្រួសាររបស់អ្នក កុំទ្រាំកើតទុក្ខលំបាកតែម្នាក់ឯង មានបញ្ហាដោះស្រាយមិនចេញ ចូរទូរស័ព្ទមកយើង 22-0110” ទៀតផង។
6 . មន្ទីរពេទ្យឆ្កួតដែលគេបោះបង់ចោល ទីក្រុងផាម៉ា ប្រទេស អ៊ីតាលី

អគារមួយខ្នងនេះ កាលពីដើមធ្លាប់ជាមន្ទីរពេទ្យព្យាបាលរោគឆ្កួតពីមុន តែបច្ចុប្បន្ននេះវាបានក្លាយជាផ្នែកមួយនៃស្នាដៃសិល្បៈរបស់សិល្បករជនជាតិប្រេស៊ីល ដែលមានឈ្មោះថា ហ៊ើប៊ើត បាកលីអូនេ ដោយគាត់បានជួបនឹងដួងវិញ្ញាណរបស់អ្នកជំងឺដែលធ្លាប់លំបាកវេទនា និងស្លាប់នៅក្នុងមន្ទីរពេទ្យមួយនេះ ហើយគាត់ក៏បានរៀបរាប់នូវអ្វីដែលគាត់បានជួបនោះតាមរយៈរូបភាពគំនូរនៅលើកម្រាលឥដ្ឋ និងលើជញ្ជាំង។
7 . ព្រះវិហារ សេនត៍ចច ប្រទេស សាធារណរដ្ឋ ឆេក

ព្រះវិហារដែលស្ថិតនៅក្នុងភូមិ លូខូវ៉ា ដែលត្រូវបានបោះបង់ចោលតាំងពីឆ្នាំ 1968 បន្ទាប់ពីដំបូលរបស់ព្រះវិហារបាក់ធ្លាក់ចុះមកក្នុងអំឡុងពេលធ្វើពិធីបុណ្យសពមួយ។

ក្រោយមក មានសិល្បករម្នាក់ឈ្មោះ ចាឃុប ហាដរ៉ាវា បានចូលមកសាងរូបសំណាកដ៏គួរឱ្យភ័យខ្លាច ដែលអ្នកណាចូលមកឃើញហើយក៏ត្រូវតែព្រឺក្បាលខ្ញាកៗដែរ។
8 . ទីកប់ខ្មោចក្រោមដីក្នុងទីក្រុងប៉ារីស ប្រទេសបារាំង

ខ្សែបណ្តាញរូងក្រោមដីដែលបត់បែនខាងក្រោមទីក្រុងប៉ារីស អាងលើព័ត៌មានជាច្រើនកន្លែងបានរកឃើញថា វាប្រហែលជាមានប្រវែងបណ្តោយក្នុងចន្លោះ 187 – 300 គីឡូម៉ែត្រ ដែលត្រូវបានសាងឡើងតាំងពីចុងសតវត្សទី 18 និងមានមនុស្សចំនួនច្រើនដល់ទៅ 6 លាននាក់ដែលត្រូវកប់នៅក្រោមរូងក្រោមដីមួយនេះរហូតក្លាយជាទីកប់ខ្មោចក្រោមដីដ៏ធំមួយ។

9 . សេនត្រាលៀ ផេនស៊ីលវេនៀ សហរដ្ឋអាមេរិក

ទីក្រុងសេនត្រាលៀ មានរហស្សនាមថា ទីក្រុង សៃរេនត៍ ហ៊ីលល៍ ក្នុងស្ថានភាពពិត ព្រោះទីនេះធ្លាប់កើតអគ្គីភ័យនៅក្នុងអណ្តូងរ៉ែក្រោមដីតាំងពីឆ្នាំ 1962 និងរហូតមកដល់ពេលនេះជាង 50 ឆ្នាំទៅហើយ ភ្លើងដែលឆេះនៅខាងក្រោមនោះ ក៏នៅតែគ្មានសញ្ញាណាមួយបង្ហាញថា វានឹងរលត់អស់ទៅវិញដែរ រហូតដល់ថ្នាក់អាជ្ញាធរបានបំពាក់ប៉ាយសញ្ញាដាស់តឿនអ្នកដែលធ្វើដំណើរមកទីក្រុងនេះថា នឹងត្រូវជួបនឹងកម្តៅ និងធាតុអាកាសមានជាតិពុលដែលមានគ្រោះថ្នាក់ទៀតផង។
10 . ផ្សារ អៈកូដេសសេវ៉ា ប្រទេស តូកូ

គឺជាផ្សារដែលអ្នកមានស្មារតីមិនរឹងមាំ ឆាប់ភ័យមិនហ៊ានចូលទៅយ៉ាងពិតប្រាកដ ព្រោះមានការដាក់លក់ឆ្អឹងលលាដ៍ក្បាល និងអវយវៈផ្សេងៗរបស់សត្វចំនួនដ៍ច្រើន មិនថាតែឆ្អឹងលលាដ៍ក្បាលសត្វគោព្រៃ ស្វា ក្របីព្រៃខ្លារខឹន និងផ្សេងៗទៀតជាច្រើនដែលត្រូវបាននាំយកទៅប្រើក្នុងពិធីកម្មខាងសាសនារបស់លិទ្ធិវូឌូ។

11 . កោះ ផូវេក្លៀ ប្រទេស អ៊ីតាលី

ជាកោះមួយក្នុងចំណោមកោះដែលមានឈ្មោះល្បីបំផុតនៅក្នុងតំបន់ វេនេសៀនឡាគូន ភាគខាងជើងប្រទេស អ៊ីតាលី ដោយទីនេះគឺជាកន្លែងនិរទេសអ្នកកើតជំងឺឆ្លងក្នុងសម័យរ៉ូម៉ាំង ដែលមានមនុស្សច្រើនជាង 160.000 នាក់ត្រូវបានកប់នៅលើកោះមួយនេះ។ ក្រៅពីនោះនៅមានរឿងរ៉ាវការពិសោធន៍ដ៏កាចសាហាវជាមួយអ្នកជំងឺនៅក្នុងមន្ទីពេទ្យឆ្កួតដែលបានសាងសង់ឡើងនៅលើកោះនោះទៀតផង រហូតធ្វើឱ្យមនុស្សម្នាជាច្រើននាំគ្នានិយាយថា ទីនោះគឺជាទីកន្លែងដ៏គួរឱ្យភ័យខ្លាចបំផុតនៅលើពិភពលោកនេះ។
12 . ភ្នំឈើឆ្កាង ប្រទេស លីធួនៀ

ជាទួលភ្នំខ្នាតធំមួយដែលពេញទៅដោយឈើឆ្កាងរបស់ជនជាតិលីធួនៀច្រើនជាង 50.000 ឈើឆ្កាង ជាទីកន្លែងដែលមនុស្សក្នុងតំបន់ជឿថា បើអ្នកណាដែលឈានជើងឡើងមកលើទួលភ្នំមួយនេះ នឹងត្រូវជួបនឹងភាពសំណាងអាក្រក់នៅក្នុងជីវិតមិនខាន។
13 . វាលកប់ខ្មោចម៉ាំមី ខាបាយ៉ាន់ ប្រទេសហ្វ៊ីលីពីន
ខ្មោចម៉ាំមីនៃខាបាយ៉ាន់ ត្រូវបានបញ្ចុះនៅក្នុងវាលកប់ខ្មោចមួយនេះ ដែលមានអាយុក្នុងចន្លោះអំឡុងឆ្នាំ 1200 – 1500 ដោយខ្មោចម៉ាំមីទាំងអស់នេះមានការប្រើប្រាស់វិធីដ៏ស្មុគស្មាញដើម្បីរក្សាទុកសភាពសាកសពឱ្យនៅល្អ ហើយអ្នកនៅក្នុងតំបន់នោះជឿថា វិញ្ញាណរបស់ខ្មោចម៉ាំមីទាំងនេះនៅតែសណ្ថិតនៅក្នុងវាលកប់ខ្មោចនេះជានិច្ច។
14 . ស្ពាន អូវើធូន ប្រទេសស្កុតលែនដ៍

ជាស្ពានចំណាស់មួយដែលតាំងនៅមិនឆ្ងាយពីភូមិស្រុក មីលតុន ក្នុងប្រទេសស្កុតលែនដ៍ ដោយរឿងប្លែកៗដែលពាក់ព័ន្ធនឹងស្ពានមួយនេះបានកើតឡើងក្នុងសម័យពាក់កណ្តាលសតវត្សទី 20 នៅពេលដែលសត្វឆ្កែជាច្រើនសិបក្បាលបានព្យយាមលោតចុះចេញពីស្ពានដែលមានកម្ពស់ជាង15 ម៉ែត្រនេះ ធ្លាក់ទៅបុកនឹងថ្មបាក់កស្លាប់នៅខាងក្រោម ខណៈដែលឆ្កែខ្លះដែលមិនស្លាប់ តែបែរជារត់ឡើងមកលើស្ពានវិញហើយលោតចុះទៅម្តងទៀតរហូតទាល់តែស្លាប់។ គ្មានអ្នកណាដឹងពីមូលហេតុពិតប្រាកដនោះឡើយ តែទីនេះបានក្លាយជាស្ពានដែលគ្រោះថ្នាក់បំផុតសម្រាប់សត្វទូទៅចាប់តាំងពីពេលនោះមក។
15 . ល្អាងភ្នំ Actun Tunichil Mukral ប្រទេស ប្រេស៊ីល

ជាល្អាងភ្នំដែលនៅមិនឆ្ងាយពីតំបន់ អ៊ិកណាស៊ីអូ ខេត្ត បេលីស ប៉ុន្មានឡើយ ដោយទីនេះមានភាពសំខាន់ខាងប្រវត្តិសាស្ត្របុរាណ ព្រោះមានភស្តុតាងដែលពិសោធន៍បានថា វាគឺជាផ្នែកមួយរបស់អរិយ្យធម៌ម៉ាយ៉ាដែលសម្រាប់ទុកធ្វើជាទីកន្លែងបូជាយ័ញ្ញ ដើម្បីធ្វើជាផ្លូវឆ្លងឆ្ពោះទៅឋានយមលោក។

16 . ប្រាសាទ ធ្លីប ប្រទេស អៃលែនដ៍

ស្ថិតនៅក្នុងតំបន់ អូហ្វាលី ក្នុងប្រទេសអៃលែនដ៍ ទីនេះជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលពោរពេញទៅដោយពាក្យទំនាយ និងបណ្តាសាមន្តអាគមច្រើនបំផុតក្នុងពិភពលោក។ ខាងក្រៅប្រាសាទដែលមើលទៅឃើញរាងងងឹតស្រទំនោះ នៅខាងក្នុងប្រាសាទមានគុកក្រោមដីដែលពោរពេញទៅដោយចម្រូងមុតស្រួចនៅលើកម្រាលដី។ ក្នុងអំឡុងពេលរៀបចំជួសជុលប្រាសាទនេះឡើងវិញ គេត្រូវប្រើរថយន្តដឹកទំនិញធំៗដល់ទៅ 10 គ្រឿងឯណោះដើម្បីដឹកសំណាកឆ្អឹងដែលរកឃើញនៅក្រោមប្រសាទមួយនេះចេញ។
17 . រណ្តៅកប់ខ្មោច សៅស៊ីលឡា ប្រទេស ប៉េរូ

រណ្តៅកប់ខ្មោចដែលត្រូវបានរកឃើញក្នុងឆ្នាំ 1920 ដោយអ្នកស្រាវជ្រាវបានរកឃើញសាកសពដែលមានអាយុដល់ទៅ 700 ឆ្នាំនៅក្នុងនោះ ដោយសាកសពចុងក្រោយដែលត្រូវកប់នៅទីនេះធ្វើឡើងនៅក្នុងសតវត្សទី 9។ អ្វីដែលគួរឱ្យព្រឺព្រួចនៅក្នុងរណ្តៅខ្មោចមួយនោះក៏គឺ សាកសពទាំងអស់ត្រូវបានរកឃើញនៅក្នុងលក្ខណៈអង្គុយ ហើយលលាដ៍ក្បាលទាំងអស់សុទ្ធតែត្រូវបានកែច្នៃឱ្យមានលក្ខណៈមើលទៅដូចមនុស្សកំពុងញញឹមអ៊ីចឹង។
18 . ព្រះវិហារ ថូហ្វេត ប្រទេស ទុយនីសៀ

អ្វីដែលគួរឱ្យសោកសៅបំផុតរបស់ការគោរពសាសនាក្នុងនគរ ខាធេចបុរាណនោះគឺ ការបូជាយ័ញ្ញកូនក្មេង ជាពិសេសទារកដែលនៅតូចបំផុត។ ទាំងអស់គ្នាដែលនៅក្នុងពិធីនឹងត្រូវបានហាមមិនឱ្យស្រែកយំឡើយ ព្រោះគេជឿថា ទឹកភ្នែកត្រឹមតែមួយដំណក់ ឬការដកដង្ហើមធំដោយក្តីសោកសង្រេង នឹងធ្វើឱ្យគុណតម្លៃនៃការលះបង់ជីវិតនេះធ្លាក់ចុះ។ នៅឆ្នាំ 1921 អ្នកបុរាណវិទ្យាបានរកឃើញសាកសពទារកចំនួនដ៏ច្រើន រួមទាំងសត្វផ្សេងៗនៅក្នុងព្រះវិហារនេះទៀតផង។

19 . កោះពស់ នៅប្រទេសប្រេស៊ីល

កោះដែលមានឈ្មោះថា ILha da Queimada Grandeគឺជាកន្លែងដែលគ្រោះថ្នាក់បំផុតក្នុងពិភពលោកយ៉ាងពិតប្រាកដ ព្រោះវាគ្របដណ្តប់ទៅដោយសត្វពស់ដែលមានចំនួនដ៏ច្រើនពាសពេញទាំងកោះ ដោយគិតជាចំនួនវិញគឺ មាន 6 ក្បាលក្នុងផ្ទៃដីមួយម៉ែត្រការ៉េបួនជ្រុង។ មានសត្វពស់ទាំងមានពិសល្មមៗ និងពិសខ្លាំងដែលអាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗបាន រហូតដល់រដ្ឋាភិបាលប្រទេសប្រេស៊ីលប្រកាសបិទកោះនេះ និងហាមមិនឱ្យអ្នកណាឈានជើងចូលទៅក្នុងកោះនោះជាដាច់ខាត។

20 . ដារ៍កេហ្វស៍ ប្រទេស រុស្ស៊ី

លក្ខណៈខាងក្រៅមើលទៅឃើញដូចជាភូមិតូចមួយដែលមានការឌីហ្សាញប្លែកភ្នែក តែការពិតទៅវាគឺជាទីកប់ខ្មោចបុរាណដែលបានបញ្ចុះសពមនុស្សអស់ចំនួនដ៏ច្រើនរាប់មិនអស់។

21 . មន្ទីរពេទ្យយោធាដែលគេបោះបង់ចោល នៅ Beelitz-Heolstatten ប្រទេស អាល្លឺម៉ង់

ក្នុងអំឡុងសង្គ្រាមពិភពលោកទាំង 2 លើក មន្ទីពេទ្យមួយនេះត្រូវបានប្រើប្រាស់ដោយកងទ័ពផ្តាច់ការណាហ្ស៊ីតាំងពីឆ្នាំ 1916 បន្ទាប់ពីនោះវាក៏ក្លាយមកជារបស់បក្សកុម្មុយនិស្ត និងជាមន្ទីរពេទ្យដែលធំបំផុតនៅក្រៅតំបន់របស់សហភាពសូវៀតក្នុងជំនាន់នោះ ដែលប្រកបទៅដោយអគារជាង 60 ខ្នង ដែលបច្ចុប្បន្នផ្នែកខ្លះត្រូវបានកែសម្រួលជួសជុលជាថ្មី តែផ្នែកខ្លះក៏ត្រូវបិទចោលតែម្តង។
22 . ក្តារមឈូសព្យួរនៃសាកាដា ប្រទេស ហ្វ៊ីលីពីន

នៅលើកោះ លូសន ក្នុងប្រទេសហ្វ៊ីលីពីន មានភូមិតូចមួយដែលមានឈ្មោះថា សាកាដា ជាកន្លែងមួយក្នុងចំណោមទីកន្លែងដែលគួរឱ្យភ័យខ្លាចបំផុតរបស់ប្រទេស ដែលលោកអ្នកអាចជួបប្រទះឃើញសាកសពមនុស្សបានយ៉ាងងាយ ព្រោះវាត្រូវបានព្យួរនៅតាមចម្រាក់ភ្នំផ្សេងៗជាច្រើន។
ដោយជំនឿរបស់មនុស្សនៅក្នុងភូមិមួយនោះគឺ ការដែលពន្យួរសាកសពទុកចោលនៅទីខ្ពស់បែបនេះ គឺការធ្វើឱ្យដួងវិញ្ញាណបានចូលទៅជិតស្ថានសួគ៌ខ្លាំងឡើងហ្នឹងឯង៕