Juventus កំពុងតែប្រឈមមុខទៅនឹងការដែលមិនអាចមានវត្តមានប្រកួតនៅក្នុងពានរង្វាន់ Champions League រដូវកាលក្រោយឡើយជាពិសេសក្រោយបរាជ័យក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ក្រោមស្នាដៃរបស់ AC Milan នៅទឹកដី San Siro កាលពីយប់មិញ។

គ្រូបង្វឹករបស់ Juventus លោក Andrea Pirlo នៅចប់ការប្រកួតបាននិយាយថាលោកនឹងមិនលាលែងចេញពីតំណែងជាដាច់ខាតទោះបីជាបរាជ័យយប់មិញនេះក្តី។ អ្វីដែលគេអាចមើលឃើញបន្ថែមទៀតនោះគឺថាវាគឺជារដូវកាលដំបូងដែលក្លឹបនេះខកខានលើកពានរង្វាន់ Serie A ទោះកន្លងមក៩សម័យកាលហើយដែលក្លឹបអាចលើកពានរង្វាន់មួយនេះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ Sky Sport លោក Pirlo និយាយថា៖ចេញពីតំណែង?ខ្ញុំនឹងមិនធ្វើបែបនេះឡើយ។ ខ្ញុំបានទទួលយកតួនាទីនេះជាមួយនឹងភាពរីករាយបំផុតនៅចំពេលដែលមានការលំបាកមួយ។ពួកយើងនៅសល់៣ប្រកួតទៀតមុនបញ្ចប់រដូវកាលដូច្នេះខ្ញុំនឹងបន្តធ្វើការងារនេះតាមដែលអាចធ្វើទៅបានជាធម្មតា៕