គិតត្រឹមពេលនេះកុងត្រាដែលនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះសម្រាបគ្រូបង្វឹកបារាំងលោក Zinedine Zidane ហើយអាកប្បកិរិយារបស់គាត់នៅក្នុងបន្ទប់ប្រជុំរបស់ក្លឹបបានធ្វើឲ្យមនុស្សជាច្រើនរបស់ក្លឹបសង្ស័យថាបុរសរូបនេះនឹងអាចចាកចេញពីក្លឹបជាមិនខាននិងជាពិសេសក្រោយការបរាជ័យផ្ទួននៅក្នុងរដូវកាលនេះ។
The Goal បានធ្វើការចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid កំពុងកើតក្តីព្រួយបារម្ភថាគ្រូបង្វឹកបារាំងលោក Zinedine Zidane ថាអាចចាប់ផ្តើមនឿយណាយចិត្តក្នុងការបន្តរស់នៅជាមួយនឹងក្លឹបហើយថែមទាំងអាចពិចារណាក្នុងការចាកចេញក្នុងពេលឆាប់ៗនេះទៀតផង។
ចុងក្រោយនេះការប្រកួតចាញ់ជាបន្តបន្ទាប់ និងជាពិសេសពេលដែលក្រុម Real Madrid ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champion League ផងនោះ លោក Zidane តែងតែបានធ្វើការលើកឡើងថាគាត់គឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ចំពោះបញ្ហាទាំងឡាយ។
ក្នុងពេលជាមួយគ្នានេះផងដែរ ក៏កើតមានជាព័ត៌មានចចាមអារ៉ាមជាច្រើនទៀតថា បេក្ខភាពដែលនឹងអាចមកជំនួសតំណែងរបស់លោក Zidane បាននៅពេលនេះមានដូចជា អតីតកីឡាករខ្សែប្រយុទ្ធ Raul និងអតីតគ្រូបង្វឹកអាល្លឺម៉ង់លោក Joachim Low ជាដើមផងដែរ៕