ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer Inc បានព្យាករថា ខ្លួននឹងទទួលបានចំណូលពីការលក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២៦ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ ដោយកើនឡើងជាង ៧០% បើធៀបនឹងការព្យាករមុននេះ។
សារព័ត៌មាន The Edge Markets បានចេញផ្សាយថា ការដំឡើងការព្យាករនេះ ឆ្លុះបញ្ចាំងពីកិច្ចព្រមព្រៀងថ្មីៗ ជាមួយរដ្ឋាភិបាលនានាជុំវិញពិភពលោក ដែលកំពុងប្រឹងប្រែងដុតដៃដុតជើង ដើម្បីបញ្ឈប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័ស។
តាមការរំពឹងទុកក្រុមហ៊ុន Pfizer នឹងផលិតបានលើស ១ភាគ៣ នៃការលក់ពេញមួយឆ្នាំរបស់ខ្លួន ដោយក្រុមហ៊ុននេះកំពុងចរចាផ្គត់ផ្គង់ ជាមួយប្រទេសជាច្រើនសម្រាប់ឆ្នាំ២០២២ និងលើសពីនេះ។

ការចំណាយថ្លៃដើម និងប្រាក់ចំណេញសុទ្ធ បានពីការលក់វ៉ាក់សាំងនឹងត្រូវបែងចែក ៥០-៥០ រវាងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។ ក្រុមហ៊ុនផលិតឱសទាំងពីរនេះធ្លាប់បាននិយាយថា ខ្លួនមានគោលបំណងផលិត ឱ្យបានរហូតដល់ ២,៥ពាន់លានដូសក្នុងឆ្នាំនេះ។
ប្រសិនបើក្រុមហ៊ុននេះ លក់បានចំនួននោះមែន ប្រាក់ចំណូលពីការលក់វ៉ាក់សាំងនៅឆ្នាំ២០២១ នេះអាចនឹងខ្ពស់ជាង ២៦ពាន់លានដុល្លារ យ៉ាងតិចក៏៥០%ដែរ។
ទន្ទឹមនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna ដែលជាគូប្រជែងក៏បានព្យាករដែរថា ចំណូលពីការលក់វ៉ាក់សាំងរបស់ខ្លួន នឹងទទួលបាន ១៨,៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២១នេះ៕