លោកជំទាវ ឱ វណ្ណឌីន៖ រាល់វ៉ាក់សាំងទាំងអស់ដែលត្រូវបានទទួលស្គាល់ពី WHO សុទ្ធតែមានសមត្ថភាពអាចទប់ទល់នឹងវីរុសកូវីដ-១៩ គ្រប់ប្រភេទ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា រាល់វ៉ាក់សាំងទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែមានសមត្ថភាពអាចទប់ទល់នឹងវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ រួមទាំងពពួកបំប្លែងថ្មីបំផុត អូមីក្រុង (Omicron)។

លោកជំទាវបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈបណ្តាញតេឡេក្រាម ដោយបានសង្កត់ធ្ងន់ថា នេះហើយជាមូលហេតុដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាត្រូវតែមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចំពោះអ្នកដែលមិនទាន់បានចាក់ សូមរួសរាន់ទៅចាក់នៅមន្ទីរពេទ្យជាតិ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតកន្លែងរស់នៅ ហើយសម្រាប់អ្នកដែលបានចាក់ដូសទី១ហើយ សូមប្រញាប់ទៅចាក់ដូសទី២ ទៅតាមថ្ងៃខែកំណត់។ ដោយឡែកសម្រាប់អ្នកដែលបានចាក់២ដូស ឬដូសមូលដ្ឋានរួច សូមស្វះស្វែងរកការចាក់ដូសទី៣ ឬដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត។