សោកស្ដាយបំផុត! Small World Small Band-ក្រុមតូច ប្រកាសរំសាយក្រុម ដោយសារ…

មហាជន ជាពិសេសហ្វេសនរបស់ Small World Small Band-ក្រុមតូចពិតជាបានដឹងហើយថា ក្រុមតូច ជាក្រុមតន្ត្រីករសម័យបង្កើតឡើងដោយយុវជនខ្មែរ វ័យក្មេង មានសមាជិក៤ រូប ពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ ដែលទទួលបាន សន្ទុះនៃការគាំទ្រខ្លាំង ក្នុងស្រទាប់យុវវ័យនៅកម្ពុជា។

វាជារឿង ដែលគួរអោយភ្ញាក់ផ្អើល និង សោកសៅមួយដែលលឺដំណឹងថា ក្រុមនេះត្រូវបានចែកផ្លូវគ្នា បន្ទាប់ពីឆ្លងឆ្នាំនេះរួច។

ក្រុមតន្ត្រីតូចមួយនេះ ប្រកាសបញ្ចប់ដំណើរសិល្បៈរួមគ្នា ក្នុងរយៈពេល៩ឆ្នាំ (២០១២-២០២១) ដោយក្នុងនោះ បញ្ជាក់ថា សមាជិកម្នាក់ៗនៅតែបន្តដំណើរលើវិថីសិល្បៈនេះ ដូចមុន គ្រាន់តែមានគោលដៅរៀងៗខ្លួន តែប៉ុណ្ណោះ ។

តាមរយៈលោក ម៉ម ពេជ្ជរិទ្ធបានបញ្ជាក់ច្បាស់នៅក្នុងគណនីរបស់លោកផ្ទាល់ថា «ថ្ងៃនេះក្រុមតូច សុំជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្បៈរួមគ្នា ៩ឆ្នាំ (២០១២-២០២១) របស់ SmallWorld SmallBand ក្រុមតូច ត្រូវបានបញ្ចប់» នៅថ្ងៃនេះហើយ។ យ៉ាងណាមិញ នេះមិនមែនជាទីអវសាន នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។ ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា។

ឆ្លៀតឪកាសពេលនេះ ក្រុមតូច សូមអរគុណបុគ្គលគ្រប់រូប ស្ថាប័ន ក្រុមហ៊ុននានា ដែលបានចូលរួមដំណើរសិល្បៈ ជាមួយក្រុមតូច តាំងពីថ្ងៃដំបូងមក ដល់ថ្ងៃនេះ។
អរគុណដល់សមាជិកក្រុមនីមួយៗ ក្នុងក្រុមតូច ដែលបានក្លាយជាគ្រួសារទី២ របស់យើង។ ដោយសារតែតន្ត្រី បានធ្វើអោយពួកយើងជួបគ្នា។ ដោយសារតែស្រលាញ់ បានធ្វើអោយពួកយើងនៅជាមួយគ្នា។
អរគុណដល់អ្នកគាំទ្រទាំងអស់ បើពុំមានអ្នកទាំងអស់គ្នាទេ ម៉្លោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនុះឡើយ។ អ្នកទាំងអស់គ្នាជាកំលាំងចិត្ត។ ក្រុមតូចស្រលាញ់អ្នកទាំងអស់គ្នាណាស់។ ពួកយើងសំណាងណាស់ ដែលមានអ្នកគាំទ្រដូចអ្នករាល់គ្នា។

អរគុណដល់ ក្រុមការងារភ្លើងគប់ទាំងអស់ ដែលបានចូលរួមសហការ រៀបចំ ការពារ ដោយឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នា ជាពិសេសការចូលរួមសម្រេចបំណងនៃបេសកម្មផ្សព្វផ្សាយតន្ត្រីកម្ពុជា។ បន្ថែមពីនេះ ក្រុមតូច ក៏សូមអរគុណដល់ក្រុមហ៊ុនភ្លើងគប់ ដែលបានជួយបង្កើតឪកាសដល់ពួកយើងទាំងបួននាក់ អោយបានចូលរួមក្នុងកម្មវិធីធំៗជាច្រើនដូចជា មហោស្រពបុណ្យភូមិ ,ការសម្ភោធ Album ទាំង២ ,កម្មវិធី Smart Mega Concert ,ព្រឹត្តិការណ៏កីឡាជាតិ ,ការសម្តែងនៅប្រទេសជប៉ុន ,ការចូលរួមទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រទេសថៃ និងការសម្តែងក្នុងកម្មវិធី Round Festival របស់ប្រទេសកូរ៉េ ជាដើម។
អរគុណដល់បុណ្យភូមិ និងឡេឡេបុណ្យភូមិ ដែលបានផ្តល់នូវអនុស្សាវរីយ៏ជាច្រើន និងអារម្មណ៏ជាគ្រួសារមកដល់ពួកយើង។

អរគុណដល់ក្រុមហ៊ុន SMART AXIATA ដែលបានក្លាយជាមិត្តដ៏ល្អចំពោះក្រុមតូច និងគាំទ្រនូវរាល់គំនិតថ្មីៗ ដែលក្រុមតូច មានឡើង។
អរគុណដល់ IZE Cola និង Chip Mong Commercial Bank (CMCB) ដែលផ្តល់កិត្តិយស ជ្រើសរើសក្រុមតូច ក្លាយជាទូតសុឆន្ទៈ ចំនួន២ឆ្នាំជាប់គ្នា។ អរគុណ ដែលបានផ្តល់ឪកាសអោយក្រុមតូច បានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុក ដែលមានគុណភាពល្អ និងមានតម្លៃមួយនេះ។
ក្រុមតូចអរគុណខ្លាំងណាស់។ នេះជាដំណឹង សំរាប់ការបើកទំព័រថ្មី នៃដំណើរតន្ត្រីថ្មី ពីសមាជិកនីមួយៗរបស់ក្រុមតូច។ អ្នកទាំងអស់គ្នានៅតែអាចស្តាប់បទចម្រៀងក្រុមតូច តាមទំព័រផ្លូវការរបស់ក្រុមតូច ដែលមានក្នុង Facebook និង Youtube ។ក្រុមតូចសូមជូនពរឆ្នាំថ្មី សេរីសួស្តី មានដល់អ្នករាល់គ្នា។
សប្បាយចិត្តអោយបានច្រើន និងថែរក្សារសុខភាពផងណា៎
ដោយសេចក្តីគោរព និងស្រលាញ់ពីក្រុមតូច
កេសរ | ភិរម្យ | ពេជ្ជរិទ្ធ | ដេវីដ
»