ឪពុកចិត្តខ្មៅ! សុខចិត្តសម្លាប់កូនខ្លួនឯង ដើម្បីរៀបការជាមួយប្រពន្ធថ្មី

បុរសជាឪពុកនិងមិត្តស្រី ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសចិន បន្ទាប់ពីបោះកូនពីរនាក់របស់ខ្លួនចុះពីអគារផ្ទះល្វែងកម្ពស់១៥ជាន់ ដោយសារតែមិត្តស្រីថ្មីមិនចង់បានកូនរបស់នារីផ្សេង។

ក្មេងតូច​ទាំង​ពីរ​នាក់ ​បាន​ធ្លាក់​ពី​ប្លុក​អគារ​ក្នុងទី​ក្រុង Chongqing ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកាឆ្នាំ​មុន។

កូនស្រីរបស់លោក Zhang Bo ឈ្មោះ Zhang Ruixue អាយុ២ឆ្នាំ បានស្លាប់ភ្លាមៗ ខណៈដែលកូនប្រុសឈ្មោះ Zhang Yangrui អាយុ១ឆ្នាំបានស្លាប់ដោយសាររបួស។

បុរសជាឪពុកអាយុ២៧ ឆ្នាំបានជួបមិត្តស្រី Ye Chengchen ដោយមានបំណងរៀបការជាមួយ ប៉ុន្តែនាងបដិសេធដោយសារតែគាត់មានកូនរួចទៅហើយ ហើយឪពុកម្តាយរបស់នាងក៏បដិសេធដែរ។

មិត្តស្រីរបស់គាត់បានដាក់សម្ពាធឲ្យគាត់កម្ចាត់កូនៗ ហើយក្នុង Video Chat មិត្តស្រីបានអារ ដៃ របស់ខ្លួនដើម្បីបង្ហាញពីការខកចិត្ត ដែលមិនអាចចាប់ផ្តើមគ្រួសារថ្មីជាមួយគាត់បាន។

បន្ទាប់មក បុរសជាឪពុក ​បាន​បោះកូន​ទាំង​ពីរ​ចេញ​តាម​បង្អួច មុន​នឹង​រត់​ចុះ​មក​ក្រោម ដើម្បី​បង្ហាញ​ការ​សោកសៅ​ចំពោះ​រឿង​ដែល​បាន​កើតឡើង ។ គាត់ក៏​ត្រូវ​បាន​គេ​ឃើញ ធ្វើជាបោក​ក្បាល​ទៅនឹង​ជញ្ជាំង ហើយ​យំ​ខ្លាំងផងដែរ។

គាត់​ប្រាប់គេថា ​កូនៗ​ធ្លាក់​ចេញ​តាម​បង្អួច នៅ​ពេល​គាត់​កំពុង​គេង ហើយគាត់បាន​ភ្ញាក់​ឡើង​ដោយសារ​តែមនុស្ស​ស្រែកខ្លាំងនៅ​ជាន់​ក្រោម​បន្ទាប់​ពី​ប្រទះ​ឃើញ​សព​កូន។

Zhang បានចាប់ផ្តើមទំនាក់ទំនងជាមួយ Ye នៅពេលគាត់កំពុងមានប្រពន្ធ ហើយគាត់បានលែងលះជាមួយប្រពន្ធដើមឈ្មោះ Meilin នៅពេលក្រោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ឪពុកបានសារភាពថា គាត់ និង Ye បានរៀបគម្រោងសម្លាប់កូនៗ ដើម្បីពួកគេអាចចាប់ផ្តើមគ្រួសារថ្មីដោយគ្មានកូនពីប្រពន្ធដើម៕