អាមេរិករកឃើញថា ឧបករណ៍តេស្តរហ័សបានបង្ហាញលទ្ធផលមិនត្រឹមត្រូវពេលប៉ះជាមួយមេរោគអូមីក្រុង

អាមេរិករកឃើញថា ឧបករណ៍តេស្តរហ័សបានបង្ហាញលទ្ធផលមិនត្រឹមត្រូវពេលប៉ះជាមួយមេរោគអូមីក្រុង

អាមេរិក៖ កាលពីថ្ងៃអង្គារ ទី២៨ ខែធ្នូម្សិលមិញនេះ រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកបានឲ្យដឹង ថា ឧបករណ៍ធ្វើតេស្តរហ័សសម្រាប់ស្វែងរកជំងឺកូវីដ ១៩ ដែលពលរដ្ឋអាចទិញយកប្រើប្រាស់នៅតាមផ្ទះបានដោយខ្លួនឯងនោះគឺទំនងជាមិនអាចបង្ហាញលទ្ធផលត្រឹមត្រូវនោះទេចំពោះមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

ការអះអាងរបស់ស្ថាប័នជំនាញរបស់អាមេរិកខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកត្រូវប្រឈមនឹងការរាត្បាតមេរោគអូមីក្រុងទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យអាមេរិកត្រូវការធ្វើតេស្តពលរដ្ឋក្នុងចំនួនច្រើននិងឆាប់រហ័ស ហើយតាមរយៈកិច្ចការជាច្រើននេះអាជ្ញាធរអាមេរិកក៏បានរកឃើញនូវចំណុចអសកម្មខាងលើនេះតែម្តង។ឆ្លងកាត់ការធ្វើការងារយ៉ាងជិតស្និតជាមួយនឹងមេរោគអូមីក្រុងនិងឧបករណ៍តេស្តរហ័ស រដ្ឋបាលផ្នែកចំណីអាហារនិងឱសថអាមេរិកបានចេញសេចក្តីថ្លែងការរួមមួយជាមួយនឹងវិទ្យាស្ថានជាតិសុខភាពអាមេរិកដោយបញ្ជាក់ថា ប្រសិទ្ធភាពរបស់ឧបករណ៍តេស្តរហ័សបានថយចុះយ៉ាងខ្លាំងពេលប៉ះជាមួយនឹងមេរោគអូមីក្រុង ដោយពេលខ្លះវាបានបង្ហាញលទ្ធផលមិនច្បាស់លាស់ឬបង្ហាញលទ្ធផលអវិជ្ជមានតែម្តង ហើយពេលគេយកសំណាកដដែលនោះទៅធ្វើតេស្តជាមួយម៉ាស៊ីនធំ (PCR) គឺបង្ហាញលទ្ធផលវិជ្ជមានកូវីដ ១៩ ប្រភេទអូមីក្រុង។
យ៉ាងណាក្តី អាជ្ញាធរអាមេរិកមិនបានណែនាំឲ្យឈប់ប្រើប្រាស់ឧបករណ៍តេស្តរហ័សនោះទេ តែត្រូវប្រើប្រាស់វាដោយយកចិត្តទុកដាក់បំផុត ដោយត្រូវអនុវត្តតាមការណែនាំឲ្យបានត្រឹមមុនពេលប្រើប្រាស់ ហើយក្នុងករណីមិនច្បាស់លាស់អាចធ្វើតេស្ត ២ ដងឬបន្តធ្វើតេស្តដោយម៉ាស៊ីនធំតែម្តង ប្រសិនបើអ្នកជំងឺបានចេញរោគសញ្ញាគួរឲ្យសង្ស័យមួយចំនួនរួចហើយ។
គួរបញ្ជាក់ថា ប្រសិនបើឧករណ៍តេស្តរហ័សអាចបង្ហាញលទ្ធផលត្រឹមត្រូវ ១០០% គ្រប់ពេលវេលានោះគឺគេនឹងចំណេញវេលាសម្រាប់ធ្វើការងារច្រើនខ្លាំងណាស់ ព្រោះឧបករណ៍តេស្តរហ័សអាចបង្ហាញលទ្ធត្រឹមរយៈពេលប្រមាណជា ១០នាទី ខណៈម៉ាស៊ីនធំត្រូវការពេលវេលារហូតដល់ ១-២ថ្ងៃ៕
ប្រភព៖ Channel News Asia