សញ្ញាទាំង៤ បញ្ជាក់ថាសុខភាពផ្លូវភេទប្រុសៗមានបញ្ហា

ផ្លូវភេទ ជាផ្នែកមួយដ៏សំខាន់នៃសុខភាពទូទៅរបស់យើង ហើយប្រសិនបើសុខភាពផ្លូវភេទមានបញ្ហា វាអាចប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូ បាត់បង់ទំនុកចិត្តចំពោះខ្លួនឯង និងអាចបង្កឲ្យកើតស្រ្តេសថែមទៀតផង។ ហេតុនេះហើយ ប្រុសៗយើងគប្បីសង្កេតមើលសញ្ញាមួយចំនួនខាងក្រោមនេះ ដើម្បីអាចកំណត់ពីបញ្ហាសុខភាព និងធ្វើការព្យាបាលបានទាន់ពេលវេលា។១. ដុំពកនៅជិតប្រដាប់បន្តពូជការពិនិត្យមើលបរិវេណជុំវិញប្រដាប់ភេទ ដើម្បីដឹងថាយើងមានដុំពកឬអត់ ជារឿងសំខាន់ណាស់ ពីព្រោះបរិវេណនោះងាយរងគ្រោះ ហើយដុំពកអាចកើតមានដោយសារតែរោមកប់ក្នុងសាច់។ មួយវិញទៀត វាក៏អាចជាសញ្ញាដុះសាច់លើប្រដាប់ភេទឬការឆ្លងមេរោគ។

២. ការធ្លាក់ទឹករម្អិល
ប្រសិនបើប្រុសៗយើងសង្កេតឃើញមានធ្លាក់ទឹករម្អិលខុសពីធម្មតាចេញពីលិង្គ វាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវភេទ។ ពិតណាស់ ការធ្លាក់ទឹករម្អិលដែលមានពណ៌លឿង ឬបៃតង អាចបញ្ជាក់ពីជំងឺប្រមេះទឹកបាយ ខណៈពេលដែលការធ្លាក់ទឹករម្អិលពណ៌ស អាចជាសញ្ញានៃជំងឺtrichomoniasis ប៉ុន្តែបើការធ្លាក់ទឹករម្អិលពណ៌សនេះមានសភាពខាប់ និងមិនមានក្លិនទេនោះ វាអាចជាសញ្ញានៃការឆ្លងមេរោគផ្សិត។

៣. ក្រហាយនៅពេលនោម
ជាមួយគ្នានេះដែរ ការនោមក្រហាយ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពផ្លូវភេទដូចគ្នា។ ជាធម្មតា វាបង្ហាញពីការឆ្លងមេរោគប្រព័ន្ធទឹកនោម ដែលមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចជាជំងឺកាមរោគ ដូចជាជំងឺប្រមេះទឹកថ្លា ឬជំងឺប្រមេះទឹកបាយផងដែរ។

៤. ឈឺចាប់នៅបរិវេណប្រដាប់ភេទ
ការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយ ជាសញ្ញាដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់ ជាពិសេសនៅជិតបរិវេណប្រដាប់ភេទ ឬពោះ។ ឧទាហរណ៍ ការហើមពងស្វាស ការធ្លាក់ឈាម ឬឈឺចាប់អំឡុងពេលរួមភេទ សុទ្ធតែបញ្ជាក់ថារាងកាយរបស់យើងអាចកើតជំងឺកាមរោគ ឬឆ្លងមេរោគ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ