ក្រុម​អ្នក​ជួយ​សង្គ្រោះ​មី​យ៉ា​ន់​ម៉ា បានរកឃើញសាកសព​ចំនួន​ បីនាក់​ ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កប់​ដោយ​ការ​បាក់​ដី​នៅ​អណ្តូងរ៉ែ

(Reuters)​ -​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​មី​យ៉ា​ន់​ម៉ា​ បាន​រក​ឃើញ​សាកសព​ចំនួន​ ពីរ​ទៀត​ នៅ​អណ្តូងរ៉ែ​ត្បូង​មួយ​ បន្ទាប់​ពី​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ មាន​ក្តី​សង្ឃឹម​តិចតួច​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត​ក្នុង​ចំណោម​មនុស្ស​រាប់​សិប​នាក់​ដែល​ត្រូវ​បាន​កប់​ដោយ​ការ​រអិល​បាក់​ដី​ និង​កម្ទេច​ថ្ម​ ខណៈ​ដែល​កំពុង​ស្វែងរក​បំណែក​ត្បូង​។​

​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គួ​ច​ចូល​ទៅ​ក្នុង​បឹង​មួយ​ដែល​នៅ​ក្បែរ​កន្លែង​បាក់​ដី​ដែល​ជា​សំណល់​ពី​ការ​យក​រ៉ែ​ ហើយ​ក៏​បណ្តាល​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ និង​កម្មករ​ដែល​ពាក់មួក​ការពារ​នៅ​លើ​ទូក​កៅស៊ូ​អស់សង្ឃឹម​ក្នុង​ការ​ ស្វែងរក​។​

​ប្រធាន​ក្រុម​ពន្លត់អគ្គីភ័យ​ក្រុង​ Hpakant​ លោក​ Pyae​ Nyein​ បាន​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ សាកសព​ចំនួន​ ពីរ​ ទៀត​ត្រូវ​បាន​រក​ឃើញ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​នៅ​អណ្តូងរ៉ែ​ក្នុង​តំបន់​ Hpakant​ ដល់​ចំនួន​ បី​នាក់​។​

​លោក​ Pyae​ Nyein​ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​ “​យើង​កំពុង​បន្ត​ការ​ស្វែងរក​។​ រហូត​មក​ដល់​ពេល​នេះ​ គ្មាន​នរណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ទេ​”​។​ មុន​នេះ​លោក​បាន​និយាយ​ថា​ មនុស្ស​ប្រហែល​ ៥០​ នាក់​ ដែល​នៅ​មិន​ទាន់​បាន​រក​ឃើញ​ក៏​ទំនងជា​បាន​ស្លាប់​ហើយ​ដែរ​។​

​មូលនិធិ​បណ្តាញ​អភិវឌ្ឍន៍​ Kachin​ ជា​ក្រុម​សង្គម​ស៊ី​វិល​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នោះ​ បាន​ប៉ាន់​ប្រមាណ​ថា​ អ្នក​បាត់​ខ្លួន​មាន​ចំនួន​ប្រហែល​ ៨០​នាក់​ ខណៈ​ដែល​បណ្តាញ​សង្គម​ព័ត៌មាន​ Myanmar​ Now​ បាន​ដកស្រង់​ចេញពី​ប្រភព​ផ្សេងៗ​ដោយ​និយាយ​ថា​ មនុស្ស​ចំនួន​ ១០០​នាក់​ អាច​នឹង​ត្រូវ​កប់​នៅ​ក្រោម​កាក​សំណល់​រ៉ែ​ទាំងនោះ​ ៕