មនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ នឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានថ្លែងថា អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងថា ក្រសួងសុខាភិបាល មានមោទនភាពដោយទទួលបាននូវសមិទ្ធផល ដ៏ធំធេងជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដែកថែប និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឲ្យបានស្អិតរមួត និងកាន់តែយូរអង្វែង ព្រោះថាមិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។

លោកស្រីបានថ្លែង ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
«តាមការពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់នាពេលនេះ សង្កេតឃើញថាការងារសឹងតែចប់សព្វគ្រប់ហើយប្រមាណ៩០% ដែលនឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងនាចុងខែមករា ឆ្នាំ២០២២ខាងមុខ។»