ខ្លោចចិត្តណាស់! ក្មេងស្រីវ័យ ៨ ឆ្នាំម្នាក់ ត្រូវម្ដាយចុងវាយជាំពេញខ្លួនរហូតស្លា-ប់

មហាជនជាច្រើនផ្ទុះការខឹងសម្បាជាខ្លាំង ក្រោយប៉ូលិសក្រុងហូជីមិញ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ បានប្រកាសចាប់ខ្លួនស្ត្រីវ័យ ២៦ ឆ្នាំម្នាក់ នៅស្រុក Binh Thanh ពីបទហិង្សាវាយដំកូនស្រីវ័យ ៨ ឆ្នាំ របស់គូដណ្ដឹងខ្លួនរហូតដល់ស្លាប់។តាមសារព័ត៌មាន Tuoi Tre News បានឱ្យដឹងថា ស្ត្រីម្នាក់ដែលកំណត់ឈ្មោះថា V.N.Q.Tr. ដែលជាអ្នកខេត្ត Gia Lai មករស់នៅក្នុងអាផាតមិនមួយកន្លែងក្នុងស្រុក Binh Thanh ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ជុំវិញការពាក់ព័ន្ធនឹងរបាយការណ៍ពីមន្ទីរពេទ្យលើករណីស្លាប់យ៉ាងគួរឱ្យសង្ស័យរបស់ក្មេងស្រីវ័យ ៨ ឆ្នាំម្នាក់ ឈ្មោះ N.T.V.A នៅវេលាម៉ោងប្រមាណ ៧ និង ៤៥ នាទីយប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១។

តាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះ N.T.V.A គឺត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយសន្លប់បាត់ស្មារតី ប៉ុន្តែដោយសារតែបូករួមនឹងអាការគាំងបេះដូង រួមទាំងដង្ហើមដង្ហក់ៗផង រូបនាងក៏ត្រូវបានប្រកាសស្លាប់ មុនដល់មន្ទីរពេទ្យទៅទៀត។
ក្រោយប្រកាសស្លាប់ ក្រុមគ្រូពេទ្យក៏បានធ្វើកោសល្យវិច័យលើសាកសពរបស់នាង ហើយលទ្ធផលបានបង្ហាញឱ្យឃើញថា ក្មេងស្រីរងគ្រោះគឺមានស្នាមជាំ និង របួសធំៗលើរាងកាយរបស់នាង ត្រួតលើស្នាមរបួសចាស់លើផ្ទៃមុខរបស់នាងទៀតនោះ ធ្វើឱ្យគ្រូពេទ្យសន្និដ្ឋានថាជនរងគ្រោះ ត្រូវបានគេវាយដំរហូតស្លាប់។ជាមួយការវាយតម្លៃពីក្រុមគ្រូពេទ្យជំនាញ ក្រុមប៉ូលិសក៏សន្និដ្ឋានដែរថា នាង Tr. គឺបានវាយដំកូនចុងរបស់ខ្លួន A. រហូតស្លាប់ ហើយភ្លាមៗពួកគេក៏បានចុះធ្វើការឃាត់ខ្លួនស្ត្រីរូបនោះ យកមកធ្វើការសាកសួរ និង ស៊ើបអង្កេតបន្ត។

បើតាមប្រភពមួយបានលើកឡើងថា ក្មេងស្រី A. និង ឪពុករបស់នាងវ័យ ៣៦ ឆ្នាំ គឺជាអ្នករស់នៅក្នុងស្រុក ១ បានមករស់នៅជាមួយនាង Tr. ក្នុងអាផាតមិននៅស្រុក Binh Thanh មុនរឿងហេតុនៃការស្លាប់របស់ក្មេងស្រីនោះកើតមានឡើង។ តាមឱ្យដឹង នាង Tr. បានភ្ជាប់ពាក្យជាមួយឪពុកក្មេងស្រីរងគ្រោះ។ ក្នុងនោះដែរ តាមសម្ដីអ្នកជិតខាងរបស់គេមួយចំនួន បាននិយាយថា ពួកគេបានឮសម្រែកក្មេងស្រី A. ស្រែកដោយក្ដីឈឺចាប់ អមជាមួយសំឡេងវាយដំយ៉ាងខ្លាំងនៅថ្ងៃកើតហេតុនោះ ដែលការវាយដំនេះគឺខ្លាំងច្រើនជាងថ្ងៃណាៗទាំងអស់។

តាមប្រភពមួយថ្លែងប្រាប់សារព័ត៌មាន Tuoi Tre បាននិយាយថា ៖«នៅកន្លែងដែលក្មេងស្រីនោះរស់នៅ គឺជឿជាក់ថាជាកន្លែងដែលក្មេងស្រីនោះរងគ្រោះរហូតស្លាប់ ព្រោះដោយសារតែរកឃើញភស្តុតាងដ៏គួរឱ្យរន្ធត់មួយចំនួនដូចជា អំបោសបាក់មួយ ដែលមានជាប់សក់ក្មេងស្រីរងគ្រោះនៅក្នុងនោះ។ ជាងនេះទៅទៀត គេក៏រកឃើញមានបញ្ជីការងារប្រចាំថ្ងៃយ៉ាងវែង ដែលម្ដាយចុងនាងសរសេរទុកឱ្យក្មេងស្រីរងគ្រោះបំពេញការងារជាប្រចាំផងដែរ»។រឿងរ៉ាវដ៏កម្សត់ និង ឃោរឃៅបំផុតកើតមានឡើងក្មេងស្រីដ៏ស្រស់ស្អាតវ័យត្រឹម ៨ ឆ្នាំ នៅក្នុងប្រទេសវៀតណាមនេះ បានធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តស្រក់ទឹកភ្នែកអាណិត មិនគួរណានាងត្រូវបានមនុស្សស្រីចិត្តខ្មៅម្នាក់ធ្វើបាបរហូតបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះឡើយ។ ក្នុងនោះដែរ អ្នកភូមិ និង មហាជនជាច្រើននៅក្បែរនោះ ក៏បាននាំគ្នាយកផ្កា ទៀនធូបធ្វើការអុជរំលឹកដល់វិញ្ញាណក្ខន្ធនាង និង សូមឱ្យនាងទៅបានសុខ កើតជាតិណាៗកុំឱ្យជួបប្រទះមនុស្សព្រៃផ្សៃបែបនេះទៀត៕