(Brazil)- កាលពីថ្ងៃចន្ទ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគ ឥសានប្រទេសប្រេស៊ីលបានកើនឡើងដល់ ២០ នាក់ហើយ ខណៈដែលអភិបាលរដ្ឋ Bahia បានប្រកាសថា នោះគឺ ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ ហើយក្រុមអ្នកជួយ សង្គ្រោះបានត្រៀមរួចរាល់សម្រាប់ទប់ទល់នឹងទឹកភ្លៀងដែលនឹងធ្លាក់បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
រដ្ឋ Bahia មានប្រជាជនប្រហែល ១៥លាននាក់ ដែលភាគច្រើនបានទទួលរងគ្រោះពីទឹកជំនន់ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីមានគ្រោះរាំងស្ងួតដ៏យូរហើយក៏មានភ្លៀងធ្លាក់ ជោគជាំ។ នៅតំបន់ខ្លះ ទឹកជំនន់កើនឡើងកាន់តែខ្លាំងនៅមុន និងចំថ្ងៃបុណ្យណូអែល បន្ទាប់ពីទំនប់ទឹកមួយគូបានបាក់ បណ្តាលអ្នកស្រុកត្រូវឡើងទៅទីទួលខ្ពស់។
ក្រុមអ្នកជួយសង្គ្រោះបានល្បាតតាមទូកតូចៗជុំវិញទីក្រុង Itabuna ភាគខាងត្បូងរដ្ឋ Bahia ដោយបាននាំអ្នកស្រុកចេញពីផ្ទះរបស់ពួកគេ រួមទាំងអ្នកខ្លះដែលបានចាកចេញតាមបង្អួចជាន់ទីពីរដើម្បីគេចពីទឹក ជំនន់ផងដែរ។
នៅលើបណ្តាញសង្គម Twitter អភិបាលរដ្ឋ Bahia លោក Rui Costa បាននិយាយថា ក្រុងតូចៗចំនួន ៧២ កំពុងស្ថិតក្នុងការប្រកាសអាសន្ន។
លោកបានសរសេរថា “ជាអកុសល យើងកំពុងឆ្លងកាត់គ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Bahia” ៕


