ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន!​ ដែល​​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ​ត្រូវតែអមដំណើរ​ដោយ​សាច់ញាតិ​ជា​បុរស​

ក្រុម​តា​លី​បង់​បាន​និយាយថា ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ព្យាយាម​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​គួរតែ​ត្រូវបាន​ផ្តល់ជូន​ការដឹកជញ្ជូន ហើយ​លុះត្រាតែអមដំណើរ​ដោយ​សាច់ញាតិ​ជា​បុរស​។​ ​សេចក្តីណែនាំ​ដែល​ចេញ​កាលពី​ថ្ងៃអាទិត្យគឺជា​ការទប់ស្កាត់​ចុងក្រោយបង្អស់​លើ​សិទ្ធិ​ស្ត្រី ចាប់តាំងពី​ក្រុម​អ៊ីស្លាម​និយម​មួយ​នេះបាន​ដណ្តើម​អំណាច​កាលពី​ខែសីហា​។​

សាលា​មធ្យមសិក្សា​ភាគច្រើន​នៅតែ​បិទទ្វារ​សម្រាប់​ក្មេងស្រី ខណៈដែល​ស្ត្រី​ភាគច្រើន​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចេញទៅ​ធ្វើការ​។​ ក្រុម​យុទ្ធនាការ​ឃ្លាំ​មមើ​ល​សិទ្ធិមនុស្ស Human Rights Watch បាន​និយាយថា ការ​រឹតត្បិត​ថ្មី​នេះ​បាន​បន្ត​ឆ្ពោះទៅរក​ចាត់ទុក​ស្ត្រី​ជា​អ្នកទោស​។​ ​លោក Heather Barr នាយករង​សហគមន៍​សិទ្ធិ​ស្ត្រី​របស់​ក្រុម​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា បទបញ្ជា​នេះបាន​បិទ​ឱកាសសម្រាប់ស្ត្រីដើម្បី​អាចធ្វើ​ដំណើរ​ដោយ​សេរី ឬ “​ដើម្បី​អាច​ភៀសខ្លួន ​ប្រសិនបើ​ពួកគេ​កំពុង​ប្រឈម​នឹង​អំពើហិង្សា​នៅក្នុង​ប្រទេស”។

សេចក្តីណែនាំ​ចុងក្រោយបង្អស់ដែល​ចេញ​ដោយ​ក្រសួង​លើកកម្ពស់​គុណធម៌ និង​ការពារ​របស់​ក្រុម​តា​លី​បង់បាន​និយាយថា ស្ត្រី​ដែល​ធ្វដំណើរ​ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រគួរតែ​ត្រូវ​បាន​អម​ដោយ​សមាជិក​គ្រួសារជិតស្និទ្ធ​ជាបុរស​។​ ​ឯកសារ​នេះ​អំពាវនាវ​ឱ្យ​ម្ចាស់​យានជំនិះ​បដិសេធ​ការ​ជិះ​ ចំពោះ​ស្ត្រី​ដែល​មិន​ពាក់​ក្រណាត់​រុំ​ក្បាល ឬ​របាំងមុខ​របស់​សាសនា​ឥស្លាម ទោះ​បីជា​វា​មិនបាន​ចែងថាត្រូវ​គ្រប​មុខ ឬ​ក្បាល​បែប​ណា។ ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគច្រើន​រុំ​ក្បាល​រួចហើយ​។​ បទបញ្ជា​ថ្មី​ចុងក្រោយ​នេះ ក៏​ហាមប្រាម​ការ​ចាក់​ចម្រៀង​នៅ​ក្នុង​យានជំនិះ​ផង​ដែរ​៕