ធ្ងន់ធ្ងរណាស់! ខាតលុយរាប់លានខណៈទំនិញវៀតណាម កកស្ទះនៅព្រំដែនចិន

ធ្ងន់ធ្ងរណាស់! ខាតលុយរាប់លានខណៈទំនិញវៀតណាម កកស្ទះនៅព្រំដែនចិន

វៀតណាម៖ សមាគមផ្លែឈើវៀតណាម បានប៉ាន់ប្រមាណថា អ្នកនាំចេញអាចខាតទឹកប្រាក់ពី ៣ទៅ៤ ពាន់ពាន់លានដុង ស្មើនឹង ១៣១ ទៅ១៧៥ លានដុល្លារអេមេរិក ប្រសិនបើរថយន្តកុងតឺន័រចំនួន ៦,២០០គ្រឿង នៅតែជាប់គាំងនៅព្រំដែនវៀតណាម-ចិន។
ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញជាធម្មតាដឹកទំនិញដែលមានតម្លៃពី ៥០០ ទៅ ៩០០ លានដុង ហើយការចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០ លានដុង បូកនឹងការចំណាយផ្សេងៗទៀត។

លោកបន្តទៀតថា នេះមានន័យថា ការខាតបង់អាចប៉ះពាល់ដល់ ៣ ទៅ ៤ពាន់ពាន់លានដុង ប្រសិនបើផ្លែស្រកានាគ ខ្នុរ ឪឡឹក និងស្វាយស្អុយរលួយ ដោយសារការពន្យាពេលមិនឱ្យទំនិញចូលព្រំដែនចិន។ គិតត្រឹមថ្ងៃទី ២១ ខែធ្នូកន្លងទៅនេះ មានរថយន្តកុងតឺន័រចំនួន ៦,២០០ គ្រឿងបានជាប់គាំងនៅព្រំដែនជាមួយប្រទេសចិន ដែលក្នុងនោះមាន ៤,៤០០ គ្រឿងនៅក្នុងខេត្ត Lang Son។ នេះបើយោងតាមការបញ្ជាក់ពីគយវៀតណាម។

អ្នកនាំចេញត្រូវជាប់គាំងនៅចន្លោះថ្ម និងកន្លែងពិបាក៖ ពួកគេមិនអាចឆ្លងព្រំដែនទៅលក់ក្នុងប្រទេសចិនបានទេ ប៉ុន្តែការវិលត្រឡប់ទៅលក់ក្នុងស្រុកវិញទំនងជានឹងធ្វើឱ្យមានការខាតបង់ធំ។ លោក Tran Ngoc Hiep នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផ្លែស្រកានាគក្រុមហ៊ុន Thanh Long Hoang Hau បាននិយាយថា “តម្លៃផ្លែស្រកានាគនៅទីក្រុងហាណូយគឺប្រហែល ៤,០០០ ដុងក្នុងមួយគីឡូក្រាម ឬមួយភាគបួននៃតម្លៃនាំចេញ។

ក្នុងនោះ អ្នកស្រី Hang ដែលជាពាណិជ្ជករនៅក្នុងតំបន់ដីសណ្តមេគង្គ បានប៉ាន់ប្រមាណថា ការខាតបង់របស់ខ្លួន មានចំនួនរាប់ពាន់លានដុង (១ ពាន់លានដុង = 43,625 ដុល្លារ) នៅឆ្នាំនេះ។ គួរបញ្ជាក់ថា ខ្នុរត្រូវបានរក្សាទុកបានល្អបំផុតក្នុងរយៈពេល២០ថ្ងៃលើឡានដឹកជញ្ជូន ដោយអ្នកស្រី បានបន្ថែមថារថយន្តដឹកជញ្ជូនខ្លះត្រូវបានពន្យារពេល២៥ថ្ងៃ ហើយទំនិញមិនអាចនាំចេញបានទេ។

អ្នកស្រីពាណិជ្ជកររូបនេះ បានបន្ថែមថា គោលនយោបាយ “កម្ចាត់កូវីដ” របស់ចិន បានធ្វើឱ្យអ្នកនាំចេញកសិកម្មវៀតណាមទទួលរងផលប៉ះពាល់ជាខ្លាំង ។
គួរបញ្ជាក់ថា ប្រទេសចិន បាននឹងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើការនាំចូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលប្រទេសនេះកំពុងទប់ស្កាត់ការឆ្លងពីប្រទេសវៀតណាម ដែលជាមធ្យមមានករណីកូវីដថ្មីចំនួន ១៥,៩០០ករណី ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនេះ។
ក្នុងនោះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់វៀតណាម។ ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិរុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន៕