រមណីយដ្ឋានធម្មជាតិមួយកន្លែង បែបព្រៃភ្នំ ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលេន កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា

សៀមរាប៖ ខណ:ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឲ្យដំណើរការលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចឡើងវិញ កាលពីពេលថ្មីៗកន្លងមកនេះ គេសង្កេតឃើញវិស័យទេសចរណ៍បានត្រៀមខ្លួនបម្រើសេវាកម្មយ៉ាងល្អប្រសើរ និងមានភាពទាក់ទាញ។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅខាងកើតជាប់ជើងភ្នំគូលេន ក្នុងស្រុកស្វាយលើ កំពុងមានការទាក់ទាញអ្នកទេសចរទៅទស្សនា និងសំរាកកំសាន្ដទាំងថ្ងៃទាំងយប់ ខណ: ដែលកន្លែងនោះ មានការរៀបចំដោយទេសភាពធម្មជាតិពិតៗ ជាពិសេសមានការបោះតង់ អមដោយទេសភាពព្រៃភ្នំ ពើងថ្ម ពើងភ្នំ និងគំនូរពីបុរាណ។កន្លែងទេសចរណ៍នោះ មានឈ្មោះថា សួនផ្កាធិស័ក្ដិ ស្ថិតនៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ មានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប។

លោក ប៉ែន រតនា អ្នកគ្រប់គ្រងសួនផ្កាធិស័ក្ដិ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែធ្នូនេះថា ដោយមើលឃើញពីសក្តានុពលរបស់ភ្នំគូលែន មានលក្ខណ:អំណោយផលនេះ ម្ចាស់សួនផ្កាលោកឈ្មោះ សៀក គឹមសាត បានបង្កើតតំបន់ទេសចរណ៍នេះឡើង ក្នុងគោលបំណងជួយលើកស្ទួយវិស័យទេសចរណ៍នៅក្នុងស្រុក តាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសធ្វើយ៉ាងណាជួយផ្ដល់ការងារឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារ។ លោកបានបន្ដថា ទៅកន្លែងនោះ មានសួនផ្កា មានកញ្ចុះម្លប់ឬស្សី សម្រាប់ការអង្គុយកំសាន្ដ មានកន្លែងបោះតង់រាប់រយតង់ បោះតង់ជាលកល្ខណ:គ្រួសារ មានរីសតតង់លំដាប់ផ្កាយ៥ នៅជាប់លើជើងភ្នំគូលេន ប្រកបដោយផាសុកភាព មានការជិះកង់ហាត់ប្រាណទៅលេងពើងគំនូរទីនោះផងដែរ។

លោក ប៉ែន រតនា បានឱ្យដឹងដែរថា កន្លែងទេសចរដ៏ស្រស់ស្អាតនេះ បានរៀបចំឡើងជាងមួយឆ្នាំមកហើយ ដោយមានទាំងភោជនីយដ្ឋានផងដែរ ប៉ុន្ដែទើបបើកដំណើរការជាងមួយខែប៉ុណ្ណោះ។ ការរៀបចំតំបន់ទេសចរណ៍ស្រស់ស្អាតនេះ នៅលើផ្ទៃដី ចំនួន៣០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ៦០ហិកតា ជាប់នឹងជើងភ្នំគូលេន។ លោកបានបន្ថែមថា កន្លែងទេសចរណ៍នេះ លោកនឹងបន្ដរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការពេញចិត្ដពីអ្នកទេសចរ ដែលទៅកំសាន្ដ ខណ:ដែលតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតនោះ ត្រូវបានចំណាយរាប់លានដុល្លា ដើម្បីធ្វើឱ្យតំបន់នោះក្លាយជាទេសចរទាក់ទាញពិតៗគ្រប់រដូវកាល។លោកបានអំពាវនាវ ដល់អ្នកទេសចរ ទៅទស្សនាទេសភាព ព្រមទាំងសម្រាកកំសាន្ដនៅសួនផ្កាជើងភ្នំគូលេននេះ នាឱកាសពិធីឆ្លងឆ្នាំ២០២១នេះ ដើម្បីជាការគាំទ្រដល់តំបន់ទេសចរណ៍ធម្មជាតិ ដែលបានរៀបចំដោយពលរដ្ឋខ្មែរ។ សូមជម្រាបថា កន្លងមក ក្រសួងទេសចរណ៍ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធ មានការឱ្យរៀបចំតំបន់ភ្នំគូលែន ខេត្តសៀមរាប ទៅជា«តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ» និង«ទេសចរណ៍បែបផ្សងព្រេង»ផងដែរ។