​កម្លាំង​​យោធា​ថៃ​ ធ្វើការឃាត់ខ្លួនពលករខ្មែរនិងថៃ បម្រុងឆ្លងដែនខុសច្បាប់

កម្លាំង​សមត្ថកិច្ច​យោធា​ថៃ​ប្រាណ​អង្គភាព​ទី​១២​ល្បាត​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​តា​ប្រា​យ៉ា បាន​ធ្វើការ​ឃាត់ខ្លួន​ព​លករ​ខ្មែរ​១០​បម្រុង​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ និង​ឃាត់ខ្លួន​ពលករ​ថៃ​៥​នាក់​ទៀត​បម្រុង​មក​ធ្វើ​ការងារ​នៅ​ក្រុង​ប៉ោយប៉ែត​។​

ការឃាត់ខ្លួន​ពលករ​ខ្មែរ និង​ជនជាតិ​ថៃ​នេះ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ តាម​ច្រករបៀង ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាប់​ព្រំដែន​ទល់​នឹង​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ​ពេលដែល​សមត្ថកិច្ច ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​។​

កម្លាំង​សមត្ថកិច្ច​យោធា​ថៃ​ប្រាណ​អង្គភាព​ទី​១២​ល្បាត​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​តា​ប្រាយ៉ា​បាន​ប្រាប់​សមត្ថកិច្ច​ខ្មែរ​ឲ្យ​ដឹងថា ពេលដែល​ពលករ​បម្រុង​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយ​ប្រថាន​នោះ​ វាគ្រោះថ្នាក់​ដល់​អាយុជីវិត​ណាស់ អាច​ចាញ់បោក​មេខ្យល់ អស់​លុយ​ប្រហែល​ជាប់​ទាំង​គុក​ទៀត ព្រោះ​នៅតាម​ព្រំដែន​ខ្មែរ ថៃ​នោះ​សមត្ថកិច្ច​ថៃ​គេ​យាម​ច្រើន​កន្លែង​ណាស់​។​

កម្លាំង​សមត្ថកិច្ច​យោធា​ថៃ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ពលករ​ដែល​ក្រុម​ខ្លួន​បាន​ចាប់​នោះ​មាន​ចំនួន​១០​នាក់ ក្នុងនោះ​មាន​ប្រុស​៦ និង​ស្រី​៤​នាក់ នៅ​បរិវេណ​ភូមិ​ទ័ព័សៀម ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ នៅពេល​សមត្ថកិច្ច​សួរនាំ​ពលរដ្ឋ​ខ្មែរ​ទាំង​១០​នាក់​នោះ​ពលករ​បាន​ប្រាប់ថា គាត់​ធ្វើដំណើរ​មកពី​ខេត្តកំពង់ចាម និង​កំពង់ធំ មានបំណង​ធ្វើដំណើរ​ទៅ​ធ្វើការ​នៅក្នុង​ខេត្ត​ប៉ះ​ធំ ថា​នី និង​ខេត្ត​ស្រះកែវ​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ឆ្លង​ចូលដល់​ដី​ថៃ ទើប​សមត្ថកិច្ច​ថៃ​ឃុំខ្លួន​យកទៅ​សួរនាំ និង​បញ្ជូនទៅ​ឲ្យ​ជំនាញ​ស្រុក​តា​ព្រះ​យ៉ា ដើម្បី​ចាត់ការ​តាមច្បាប់​បន្ត​។​

សមត្ថកិច្ច​ការពារ​ព្រំដែន​បន្តថា នៅពេល​ជាមួយគ្នានេះដែរ កម្លាំង​ទាហាន​ប្រាណ​ទី​១៣ ប្រចាំ​ស្រុក​អារញ្ញ កងកម្លាំង​បូរ​ផា បានចេញ​ល្បាត​ឃ្លាំមើល​និង​ត្រួតពិនិត្យ​តំបន់​ដែល​ទទួលខុសត្រូវ​ក៏បាន​ប្រទះឃើញ​បុរស​ជនជាតិ​ថៃ​កំពុងលួច​ឆ្លងដែន​តាម​ច្រករបៀង ធ្វើដំណើរ​ចូលទៅ​ទឹកដី​កម្ពុជា ចំនួន​៥​នាក់ នៅ​បរិវេណ​ភូមិ​ខ្លង​លឹក ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​សមត្ថកិច្ចបាន​សួរនាំ​ទើប​ដឹងថា បុរស​ជនជាតិ​ថៃ​ទាំង​៥​នាក់ ធ្វើដំណើរ​មកពី​ទីក្រុង​បាងកក មានបំណង​ធ្វើដំណើរ​មក​ធ្វើការ​នៅក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ របស់​កម្ពុជា ទើប​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បញ្ជូនទៅ​ឲ្យ​ជំនាញ​សមត្ថកិច្ច​ស្រុក​ខ្លង​លឹក ដើម្បី​ចាត់ការ​តាមច្បាប់​បន្ត​ផងដែរ​៕