ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម ទំនាស់ពាក្យសំដី ក្នុងពេលផឹកស៊ី

ខេត្តសៀមរាប ៖ យោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងសៀមរាបចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម (កាប់បណ្ដាលអោយស្លាប់) នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូឆ្នាំ២០២១ មានករណីឃាតកម្ម មួយលើកកើតឡើង នៅចំណុចលើផ្លូវខាងត្បូងរបងវត្តទួលរគាំង ស្ថិតនៅក្នងភូមិទួលរគាំង ឃុំអូរតាប៉ោងស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនសង្ស័យឈ្មោះ ញ៉ម អាន ភេទ ប្រុស រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានកាប់ទៅលើជនរងគ្រោះឈ្មោះ វ៊ាំង សុខហេង ភេទប្រុសអាយុ២៧ឆ្នាំ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ មូលហេតុទំនាស់ពាក្យសំដីពេលផឹកសុី ។

យោងតាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច្ច័យពេទ្យខេត្ត និងកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងតាមការបំភ្លឺរបស់សាក្សីឈ្មោះ សែម សល់ ឈ្មោះ វ៊ាំង វិន ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សពឈ្មោះ វ៊ាំង សុខហេង ស្លាប់ដោយសារប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុត និងមានទម្ងន់ ដោយអំពើឃាតកម្ម (កាប់បណ្ដាលអោយស្លាប់) ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង កាន់កាំបិតកែច្នៃស្ទាក់កាប់ជនរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបឃាត់ខ្លួន និងត្រៀមបញ្ជូនទៅសមត្ថកិច្ចខេត្តពោធិ៍សាត់ ៕

 

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ