អ្នកបើកបររថយន្តដឹកជញ្ជូនទំនិញក្រុមហ៊ុនវីរប៊ុនថាំម្នាក់រកឃើញវិជ្ជមានកូវីដ-១៩

រដ្ឋាភិបាលខេត្តប៉ៃលិន បានសម្រេចពីការបិទចេញ-ចូល និងការធ្វើអាជីវកម្មបណ្តោះអាសន្នសាខាក្រុមហ៊ុនដឹកជញ្ជូនវវីរ:ប៊ុនថាំ ក្រោយពីរកឃើញអ្នកបើកបរម្នាក់បានឆ្លងជំងឺកូវីដ-១៩។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បានសម្រេចពីការបិទចេញ-ចូល និងការធ្វើអាជីវកម្មបណ្តោះអាសន្នសាខាក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ទាំងបីសាខា ក្នុងខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០២ ខែឧសភា រហូតដល់មានការសម្រេចថ្មី បន្ទាប់ពីរដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ លើអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ (តេស្តរហ័ស) នៅព្រំប្រទល់ប៉ៃលិន-បាត់ដំបង (គោលដៅភ្នំកុយ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនត្រូវសហការ និងអនុវត្តតាមវិធានការណែនាំរបស់រដ្ឋបាលខេត្តជាការចាំបាច់។

សាខាទាំង៣ របស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ដែលត្រូវបានបិទបណ្តោះអាសន្ន មានដូចខាងក្រោម៖

១-ស្ថិតក្នុងបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

២-ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

៣-ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ៕