កុំភ្លេច! ទៅលេងសៀមរាប ភ្លក់ម្ហូបអាហារជនបទ របស់សហគមន៍ភូមិព្រះដាក់ ក្នុងកម្មវិធី «បុណ្យភូមិសៀមរាប»

ខេត្តសៀមរាបគ្រោងនឹងធ្វើពិធីបុណ្យមួយដ៏ធំមួយមិនធ្លាប់មាននៅក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ!

ដើម្បីបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ រៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយដៃអ្នកភូមិផ្ទាល់ នៅលើកំណាត់ផ្លូវកៅស៊ូឆ្លងកាត់ភូមិព្រះដាក់តែម្តង។ ក្រុមការងារនឹងរៀបចំផ្លូវវាងសម្រាប់រំដោះចរាចរណ៍ និងមានត្រៀមចំណតយានយន្តត្រឹមត្រូវផងដែរ។ កម្មវិធីនេះនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយមានស្តង់ម្ហូបអាហារ កន្លែងអង្គុយហូប និងឆាកតន្ត្រីរាំវង់ស្គរដៃ។

ក្រុមការងារគ្រោងនឹងរៀបចំស្តង់(ទំហំ៣ម៉ែត្រ*៣ម៉ែត្រ) ចំនួន ១០០ស្តង់ ដែលរហូតមកដល់ពេលនេះ ភាគច្រើនត្រូវបានកក់ទុកដោយពុកម៉ែបងប្អូនមកពីភូមិព្រះដាក់ផ្ទាល់រួចហើយ ប៉ុន្តែនៅសល់ស្តង់មួយចំនួនទៀតទុកសម្រាប់បងប្អូនអាជីវករមកពីតំបន់ផ្សេងៗដែលចាប់អារម្មណ៍ចង់ចូលរួមលក់ជាមួយអ្នកភូមិ អាចទំនាក់ទំនងមកទូរស័ព្ទខាងក្រោមបាន ឱ្យតែគោរពទៅតាមលក្ខខ័ណ្ឌនៃម្ហូបអាហារ ឬនំបង្អែមបែបជនបទ។ កម្មវិធីទាំងមូលនឹងត្រូវបានធ្វើឡើងដោយគោរពតាមគោលការណ៍នៃវិធានសុវត្ថិភាពសុខាភិបាល ដោយតម្រូវឱ្យពាក់ម៉ាស់ និងរក្សាគម្លាតយ៉ាងម៉ត់ចត់បំផុត។

ដោយក្នុងកម្មវិធីនោះពុកម៉ែបងប្អូនដែលចូលរួមក៏អាចភ្លក់រស់ជាតិមុខម្ហូប តំណាងស្រុកនីមួយៗរបស់បងប្អូនអ្នកខេត្តរាបទាំង១២ស្រុក ដោយមានការចម្អិនពីចុងភៅជំនាញៗ យ៉ាងឆ្ងាញ់ជាប់មាត់ផងដែរ។

មុខម្ហូបតំណាងទាំង១២ស្រុកក្នុងខេត្ត សៀមរាបដែលបងប្អូនចូលរួមអាចភ្លក់បាននោះមានដូចខាងក្រោម៖

ទី១/ក្រុងសៀមរាប (អន្សមទឹកគ្រឿង)

ទី២/ ស្រុក បន្ទាយស្រី (នំបញ្ចុកព្រះដាក់)

ទី៣/ស្រុក បាគង (នំកាឆាយស្រួយ នំកាឆាយ រសជាតិការី)

ទី៤/ស្រុក សូទ្រនិគម (ក្រឡានដុត សាច់ក្រកឆាគ្រឿង)

ទី៥/ស្រុក ជីក្រែង (ភ្លាត្រីឆៅត្រយូងចេក)

ទី៦/ស្រុក ក្រឡាញ់( សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់)

ទី៧/ស្រុក ពួក (មាន់អាំង)

ទី៨/ ស្រុក អង្គរ(ជុំកង្កែបបោក)

ទី៩/ស្រុក ស្រីស្នំ(អាម៉ុកខ្យង)

ទី១០/ ស្រុក អង្គរធំ(សាច់គោចង្កាក់)

ទី១១/ ស្រុក ស្វាយលើ(ខ្នប់ផ្សិត)

និងទី១២ ស្រុក វ៉ារិន(សម្លរទំពាំងវល្លិ៍យាវ)

សូមបញ្ជាក់ផងដែរ កម្មវិធី «បុណ្យភូមិសៀមរាប» នឹងត្រូវធ្វើឡើងលើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៦ល្ងាច ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ ។