អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៤ ខែធ្នូ បានរៃអង្គាសថវិកាបានចំនួន ១០៧,២លានដុល្លារអាម៉េរិកនៅក្នុងយុទ្ធនាការមួយ ដើម្បីជួយគាំទ្រអ្នករស់រានមានជីវិតពីព្យុះទីហ្វុង រ៉ៃដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន។
ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនចំនួន ៥៣០ ០០០នាក់ ដែលខ្វះខាតស្បៀងអាហារ ទឹកស្អាត និងបង្គន់អនាម័យ និងតង់បណ្តោះអាសន្ននៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ។
ព្យុះទីហ្វុងរ៉ៃបានបោកបក់ចូលទៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី១៦ ខែធ្នូ ដោយមានកម្លាំងខ្យល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានក្លាយជាព្យុះដ៏ខ្លាំងបំផុតមួយដែលវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ព្យុះនេះបានវាយលុកតំបន់ជាច្រើននៅតំបន់ភាគកណ្តាល និងភាគខាងត្បូង ដែលរួមទាំងកោះលូហ្សុន ដែលជាកោះធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ប្រទេសនេះ។
ប្រទេសហ្វីលីពីនទទួលរងការវាយប្រហារពីព្យុះប្រមាណ ២០ដងជាមធ្យមក្នុងមួយឆ្នាំ។ ព្យុះទីហ្វុងហៃយ៉ានកាលពីក្នុងឆ្នាំ២០១៣ ដែលជាព្យុះខ្លាំងបំផុតនៅក្នុងប្រទេសនេះ បានធ្វើឱ្យមនុស្សជាង ៧ ៣០០នាក់ស្លាប់ និងបាត់ខ្លួន៕



