ប្រឡងបាក់ឌុបស្អែកនេះ! ករណីបេក្ខជនវិជ្ជមានកូវីដ-១៩ ក្រសួងអប់រំ មិនអនុញ្ញាតឱ្យចូលរួម ប្រឡងជាដាច់ខាត

 មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ករណីបេក្ខជនវិជ្ជមានកូវីដ-១៩ មិនអនុញ្ញាតឱ្យចូលប្រឡងឡើយ ដើម្បីចៀសវាងចម្លងជំងឺនៅក្នុងមណ្ឌលប្រឡង។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃ២៦ ខែធ្នូនេះថា ក្នុងករណីដែលរកឃើញបេក្ខជនប្រឡងបាក់ឌុបមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៧ធ្នូស្អែកនេះ គឺក្រសួងអប់រំ មិនអនុញ្ញាតឱ្យចូលរួម ប្រឡងជាដាច់ខាត ដើម្បីចៀសវាងការចម្លងក្នុងមណ្ឌលប្រឡង ដូច្នេះសូមបេក្ខជនប្រឡងបាក់ឌុប បន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងការចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាព។

 ករណីបេក្ខជនវិជ្ជមានកូវីដ-១៩ ត្រូវទៅទទួលការព្យាបាលស្របតាមវិធានវេជ្ជសាស្ត្រនិងមិនអនុញ្ញាតឱ្យចូលប្រឡងឡើយ ដើម្បីចៀសវាងចម្លងជំងឺនៅក្នុងមណ្ឌលប្រឡង។ តាមយន្តការបច្ចេកទេសឆ្នាំកន្លងមក ចំពោះបេក្ខជនអវត្តមាន ចាប់ពីមួយវិញ្ញាសាឡើងទៅ ដោយមូលហេតុបុគ្គល ត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»។

ឯកឧត្តម បន្តថា ក្រសួងអប់រំ នៅតែបន្ដពង្រឹង ការលើកកម្ពស់គុណភាពប្រឡងឱ្យបានល្អដូចឆ្នាំមុនៗ ដើម្បីទទួលបានធនធានមនុស្ស ដែលមានសមត្ថភាពពិតប្រាកដសម្រាប់បម្រើកិច្ចអភិវឌ្ឍន៍ជាតិ។

ឯកឧត្តមបានបន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់ សូមបេក្ខជនប្រឡងបាក់ឌុប ត្រូវបន្តខិតខំរៀនសូត្រផង និងថែរក្សាសុខភាពផង ទោះបីបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ត្រូវប្រកាប់ខ្ជាប់ ៣កុំ ៣ការពារ។