រោគសញ្ញា ៥យ៉ាង​បង្ហាញ​ពី​ គ្រោះថ្នាក់​ដល់​ក្រលៀន

ជំងឺ​ក្រលៀន គឺជា​ជំងឺ​ដែល​បណ្ដាលមកពី​ការដែល​ក្រលៀន​ធ្វើ​ការខុស​ប្រក្រតី មាន​ប្រសិទ្ធភាព​ថយចុះ បង្ក​ឱ្យ​កើតការ​ដក់​ស្ទះ​នូវ​វត្ថុ​កាកសំណល់​នៅក្នុង​រាងកាយ រហូត​ហុច​ផលប៉ះពាល់​ដល់​ការធ្វើការងារ​ក្នុង​ប្រព័ន្ធផ្សេងៗទូទាំង​រាងកាយ ហើយ​អាច​ហុច​ផល​ឱ្យ​កើត​សភាវ​គាំង​ក្រលៀន​បាន ដែល​ការពិតទៅ​វា​អាច​កើតឡើង​បាន​ពី​ច្រើន​មូលហេតុ ទាំង​កើតឡើង​តាំងពី​កំណើត កើត​ពី​ការ​រលាក​ក្លាយ ឆ្លង​មេរោគ ដក់​ស្ទះ​ក្នុង​តម្រងនោម ឬ​មាន​ដុះ​សាច់​ជាដើម ដោយ​វា​នឹង​បង្ហាញ​អាការ​ចេញមក​ខុសប្លែក​ពីគ្នា ដែល​យើង​អាច​សរុប​អាការ​ដែល​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ក្រលៀន​បាន​ដូចខាងក្រោម​នេះ។

១- ទឹកមូត្រ​មាន​លក្ខណៈខុស​ប្រក្រតី
ទាំង​ការ​បន្ទោបង់​ទឹកមូត្រ​ចេញមក​មាន​លាយ​ឈាម ទឹកមូត្រ​មាន​ពពុះ​ច្រើន ឬ​ទឹកមូត្រ​ខាប់​ជាដើម អាចសន្និដ្ឋាន​ទុកជាមុន​បានតែ​ម្ដងថា អាច​នឹង​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ក្រលៀន​ហើយ គួរតែ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជាបន្ទាន់​បំផុត ជាពិសេស​អ្នក​ដែល​បន្ទោបង់​ទឹកមូត្រ​ចេញមក​មាន​ឈាម​ចេញមក​ជាមួយ ព្រមជាមួយ​មាន​សរសៃខាប់(ដូច​ស៊ុត-ស) ឬ​មាន​ប្រូ​តេ​អី​ុ​ន​ចេញមក​លាយឡំ​ជាមួយ​ទឹកមូត្រ​ជាដើម។

២- ឈឺពោះ​ខ្លាំង
អាច​កើតឡើង​រួមជាមួយ​ការ​បន្ទោបង់​ចេញមក​មាន​ឈាម ទឹកមូត្រ​ខាប់ ឬ​មាន​គ្រាប់​ខ្សាច់តូចៗ ដោយ​អាការ​ទាំងអស់នេះ​ប្រថុយប្រថាន​ក្នុង​ការកើត​ក្រួស​ក្នុង​តម្រងនោម និង​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តម្រងនោម។

៣- ឃើញ​មាន​ដុំ​អ្វី​ម្យ៉ាង​នៅ​ម្ដុំ​ក្រលៀន
បើសិនជា​ស្ទាប​ទៅហើយ​ឃើញ​មាន​ដុំ​សាច់​អ្វី​ម្យ៉ាង​នៅត្រង់​ម្ដុំ​ចង្កេះ​ទាំងសងខាង​របស់​អ្នក នេះ​អាចជា​សញ្ញា​គ្រោះថ្នាក់​មួយរបស់​ជំងឺ​ក្រលៀន​ដែល​បណ្តាលមកពី​ការស្ទះ​ថង់​ទឹកមូត្រ ការ​ណែន​ស្ទះ​របស់​ក្រលៀន ឬ​ការដុះ​សាច់​នៅក្នុង​ក្រលៀន​ជាដើម។

៤- សម្ពាធ​ឈាម​ឡើង​ខ្ពស់
ដោយសារតែ​ក្រលៀន​បំពេញ​តួនាទី​សាង​សារធាតុ​គ្រប់គ្រង​សម្ពាធ​ឈាមប្រកប​ជាមួយ​ក្រលៀន​ដែលមាន​តួនាទី​រក្សា​តុល្យភាព​របស់​ទឹក និង​អំបិល​រ៉ែ​ក្នុង​រាងកាយ ដូច្នេះហើយ​ទើប​ការដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្តាលមកពី​ជំងឺ​ក្រលៀន​ដោយ​ត្រង់។

៥- អាការ​ហើម
អ្នក​ដែល​កើត​ជំងឺ​ក្រលៀន​នឹងមាន​អាការ​ហើម ជាពិសេស​នៅលើ​ស្បែក​ភ្នែក​នៅពេល​ព្រឹក ឬ​ហើម​មុខតែ​ម្ដង ដែល​បើសិនជា​ធ្ងន់ធ្ងរ​នឹងមាន​អាការ​ហើម​បែបនេះ​ពេញ​ទាំង​ដងខ្លួន​តែម្ដង។ តែ​យ៉ាងណាក៏ដោយ អាការ​ហើម​នេះ​ក៏​អាច​បណ្ដាលមកពី​ជំងឺថ្លើម ជំងឺ​បេះដូង
ការខ្វះ​សារធាតុ​អាហារ ឬ​ភាពខុសប្រក្រតី​ពាក់ព័ន្ធ​នឹង​អ័រម៉ូន​បានដែរ ដូច្នេះ​គួរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បីឱ្យ​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ និង​ដើម្បី​ទទួល​ការព្យាបាល​មុនពេលអ្វីៗហួសពេល​នឹង​កែកុន​ទៅបាន៕