ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ បុកម៉ូតូអូសបែកផ្កាភ្លើង បណ្ដាលឲ្យឆាបឆេះម៉ូតូ និងរថយន្ត ធ្វើឲ្យមនុស្សម្នាក់ស្លាប់

(ខេត្តបាត់ដំបង )៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩និង៤០នាទីយប់ នៅចំណុចក្រុមទី៣០ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមបណ្ដោយ ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៥២-២៥៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ប្រភេទក្បាលសណ្ដោងពាក់ ផ្លាកលេខ កំពង់ចាម ៣A.៧៩២៧ សណ្ដោងសឺមីរ៉ឺម៉កមិនដឹង ផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរពីទិសខាងបាត់ដំបង មុខទៅទិសខាងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ាធុនសេ១២៥cc ពាក់ផ្លាកលេខបាត់ដំបង ១D.៩៦៣៦ អ្នកបើកបរឈ្មោះ ម៉ាក់ ម៉ៅ ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា រុញអូសម៉ូតូ បែកផ្កាភ្លើង បណ្ដាលឲ្យឆាបឆេះម៉ូតូ និងរថយន្តតែម្តង។

 

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានបន្តថា ថ្នាក់ចរាចរណ៍នេះបង្កការខូចខាត មនុស្សស្លាប់ចំនួន០១នាក់ ភេទប្រុស (អ្នកបើកបរម៉ូតូ) និងសម្ភារខូចខាតម៉ូតូ ចំនួន ០១ គ្រឿង និង រថយន្ត០១ គ្រឿង (សម្ភារ:នៅលើរថយន្តត្រូវភ្លើងឆេះអស់) ។

ក្រោយពេលទទួល បានពត៌មាន រថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង បានចេញអន្តរាគមន៍ ជួយពន្លត់ រួមមាន ៖ – រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី – រថយន្តពន្លត់អគ្គិភ័យស្រុកគាស់ក្រឡ – រថយន្តពន្លត់អគ្គិភ័យស្រុកសង្កែ បានប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត បានធ្វើការពន្លត់រលត់បានប្រហែល៧០-៨០%៕