គ្រាប់រ៉ុក្កែតរបស់ក្រុមឧទ្ទាមហ៊ូទី ផ្ដាច់ជីវិតមនុស្ស ២នាក់ នៅអារ៉ាប៊ីសាអូឌីត

(រីយ៉ាដ)៖ ពលរដ្ឋអារ៉ាប៊ីសាអូឌីតម្នាក់ និងជនជាតិយ៉េមែនម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពីសំណាក់ក្រុមឧទ្ទាមហ៊ូទីមកលើទីក្រុង Jazan ស្ថិតនៅភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត។

ក្រៅពីអ្នកស្លាប់, ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមឧទ្ទាមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយ៉េមែន ក៏បានបណ្ដាលឱ្យមនុស្ស៧នាក់ រងរបួសផងដែរ រីឯរថយន្ដ ចំនួន ១២គ្រឿង ព្រមទាំងផ្សារ ២កន្លែងរងការខូចខាត។

ក្រុមឧទ្ទាមហ៊ូទីមានអ៉ីរ៉ង់ជាខ្នងបង្អែក បានចាប់ផ្ដើមបើកការវាយប្រហារដោយបាញ់មីស៊ីល ឬគ្រាប់រ៉ុក្កែតចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ចាប់តាំងពីទីក្រុងរីយ៉ាដដឹកនាំក្រុម ចម្រុះអារ៉ាប់ ធ្វើអន្តរាគមន៍យោធាក្នុងប្រទេសយ៉េមែនប្រឆាំងនឹងពួកគេ កាលពីឆ្នាំ២០១៥ មកម្ល៉េះ៕

ប្រភព៖​​​​​​  Reuters