ឈប់ទម្លាប់អាក្រក់ទៀត! អ្នកគេងបើកភ្លើងនៅពេលយប់ប្រឈម ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

គេងបើកភ្លើងនៅពេលយប់ប្រឈម ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

មនុស្សមួយចំនួន មិនថា កុមារ ឬមនុស្សពេញវ័យនោះទេ គឺមានទម្លាប់មួយបើកភ្លើងពេលគេ ដោយគេគិតថា វាជួយ មិនអោយខ្លាច និង ចៀសផុត ពី ខ្មោចព្រាយ ជាដើម។

មនុស្សមួយចំនួយនៅតែបន្ដការគេងបើកភ្លើងពេលយប់ ប៉ុន្តែពួកគេមិនបានដឹងឡើយថាវាអាចបង្កហានិភ័យជាច្រើនសម្រាប់ពួកគេទៅវិញទេ ហើយភាគច្រើននោះគឺទាក់ទងទៅនឹងបញ្ហាសុខភាពដែលបណ្ដាលមកពីការគេងបើកភ្លើងពេលយប់ទាំងនោះ។

ខាងក្រោមនេះគឺជាផលប៉ះពាល់សុខភាព ៤ យ៉ាងដែលអ្នកមិនធ្លាប់ដឹង៖

១. អ្នកអាចទទួលរងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ការសិក្សាថ្មីមួយបានរកឃើញថាការគេងបើកភ្លើងពេលយប់អាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបាន ម៉្យាងវិញទៀតការរំខានទាំងនោះនឹងធ្វើឲ្យរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដែលមានស្រាប់កាន់តែកើនឡើង។

២. អ្នកអាចមានការឡើងទម្ងន់ដោយមិនដឹងខ្លួន ការសិក្សាទៅលើស្ត្រីជាង ៤៣.០០០ នាក់បានបង្ហាញថាអ្នកដែលគេងបើកទូរទស្សន៍ ឬបើកភ្លើងចោលត្រូវបានគេគត់សំគាល់ឃើញថាមានការឡើងទម្ងន់យ៉ាងឆាប់រហ័ស។

៣. វាអាចបណ្ដាលឲ្យមានបញ្ហាទាក់ទងនឹងបេះដូង ប្រសិនបើអ្នកត្រូវពន្លឺនៅពេលយប់ច្រើនពេកវានឹងធ្វើឲ្យសម្ពាធឈាមរបស់អ្នកមានការកើនឡើងខ្ពស់ខុសពីធម្មតា ហើយអាចបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។

៤. វាអាចប៉ះពាល់ដល់សុខភាពបន្តពូជរបស់អ្នក ការប៉ះពាល់ទៅនឹងពន្លឺពេលយប់ច្រើនអាចបង្កើនហានិភ័យនៃការគ្មានកូន (តាមការពិសោធន៍ដែលត្រូវបានធ្វើឡើងទៅលើសត្វកណ្តុរញី) ហើយវាត្រូវបានគេជឿថាមានឥទ្ធិពលទៅលើពេលវេលានៃដំណើរការបន្តពូជចំពោះស្ត្រី។

ផលប៉ះពាល់នៃការគេងជាមួយនឹងពន្លឺភ្លើងពេលយប់នោះមានច្រើនទៀតដូចជា បញ្ហាទៅនឹងវដ្ដរដូវមិនទៀងទាត់ ការផ្លាស់ប្តូរតុល្យភាពអ័រម៉ូន និងអាចជាមូលហេតុនៃបញ្ហាប្រព័ន្ធរំលាយអាហារ ហើយនឹងការរំខានដំណេកដែលបង្កើនអរម៉ូនភាពចាស់ឲ្យកាន់តែកើនឡើងខ្ពស់ជាងធម្មតា។ ផលប៉ះពាល់នៃការប៉ះពាល់ពន្លឺពេលយប់ទាំងនោះបានកើតឡើងដោយមិនគិតពីគុណភាពដំណេក ឬរយៈពេលនៅឡើយទេ៕
ប្រភពរូបភាព៖ Pinterest