សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ផលិត​កែ​ច្នៃ​ លក់​ចែកចាយ​ផលិតផល​សំអាងការ​និង​ឱសថ​ សង្ស័យ​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​២

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបទីតាំងផលិត កែច្នៃ លក់ចែកចាយផលិតផលសំអាងកាយនិងឱសថសង្ស័យក្លែងក្លាយខុសច្បាប់ចំនួន០២កន្លែងផ្សេងគ្នា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានរកឃើញនិងដកវត្ថុតាងគ្រឿងផ្សំផលិត និងឱសថជាច្រើនដែលសង្ស័យក្លែងក្លាយមានហានិភ័យបង្កឱ្យគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ ដើម្បីអនុវត្តតាមនីតិវិធី ។

ករណីទី១- នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ អាជ្ញាធរមូលដ្ឋាន ដែលមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងផ្ទះលេខ៣៩ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ដែលទីតាំងនេះសង្ស័យផលិត កែច្នៃ លក់ចែកចាយ ផលិតផលថែរក្សាសម្រស់គ្មានស្តង់ដារ និងខុសច្បាប់ ។

ក្នុងប្រតិបតិ្តការនេះកម្លាំងសមត្ថកិច្ចបានរកឃើញនិងដកហូតវត្ថុតាងសរុបចំនួន២៣មុខច្រកក្នុងកំប៉ុងរួមមាន ៖ ពន្លៃសូន្យទឹកឃ្មុំ, រមៀតសូន្យទឹកឃ្មុំ, ពន្លៃរមៀត,ស្ក្រាប់កាហ្វេ, ស្ក្រាប់អំពិល, ស្ក្រាប់ពន្លៃរមៀតទឹកដោះគោ, គល់ស្លឹកក្រីស្ងួត, ផ្លែក្រូចសើចចិតហើយ, ស្ទីកគ័រ និងឧបករណ៍សម្ភារៈមួយចំនួនបម្រើឱ្យការផលិត កែច្នៃ ផលិតផលថែរក្សាសម្រស់ ខុសច្បាប់ ។

បើតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចប្រាប់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការខាងលើនេះផងដែរ កម្លាំងសមត្ថកិច្ចក៏បាននាំយកផលិតផលទាំងនេះទៅពិសោធន៍ និងអញ្ជើញម្ចាស់ដែលពាក់ព័ន្ធចំនួន០២នាក់ចូលខ្លួនទៅបំភ្លឺនៅលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី ។ ដោយឡែកទីតាំងខាងលើក៏ត្រូវបានសមត្ថកិច្ចបិទបណ្តោះអាសន្នដើម្បីរង់ចាំការអនុវត្តបន្ត ។

ករណីទី២-នៅសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីសុខាភិបាលនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង នៃក្រសួងសុខាភិបាល សហការជាមួយនគរបាលខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងយីហោក្រុមហ៊ុនស៊ី អូ ប៊ី ជី វើលដ៍ ស្ថិតនៅផ្ទះលេខ១០ បុរី ហុង ឡាយ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដែលបានកំពុងលក់ចែកចាយ ឱសថគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល និងសង្ស័យឱសថក្លែងក្លាយដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។

ក្នុងនោះសមត្ថកិច្ចបានឆែកឆេររកឃើញគ្រាប់ម្សៅទ្រីហ្វាឡាចំនួន៣៦កំប៉ុង រួមនឹងឯកសារ សម្ភារៈមួយចំនួនផងដែរ ។ ទីតាំងនេះត្រូវបានសមត្ថកិច្ចបិទបណ្តោះអាសន្ន និងអញ្ជើញអ្នកពាក់ព័ន្ធ០១នាក់ដែលជាម្ចាស់ទីតាំង ទៅបំភ្លឺនៅនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យនិងគ្រឿងសំអាង នៃក្រសួងសុខាភិបាល ដើម្បីរង់ចាំអនុវត្តតាមនីតិវិធី ៕