កម្លាំងចម្រុះខេត្តកំពង់ធំបង្ក្រាប និងដុតកម្ទេចចោលសាច់សត្វព្រៃជាច្រើនគីឡូក្រាម ដែលក្រុមឈ្មួញស្តុកទុកបម្រុងលួចដឹកទៅលក់

កំពង់ធំ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ សហការជាមួយកម្លាំងប្រតិបត្តិការសឹកវរៈ១ កម្លាំងអាវុធហត្ថផ្ទៃប្រទេស កម្លាំងអាវុធហត្ថស្រុកសណ្តាន់ និងអង្គការថែរក្សាការពារធម្មជាតិ បានចុះបង្ក្រាបទីតាំងស្តុកសាច់សត្វព្រៃ ដឹកជញ្ជូនសត្វព្រៃ និងរាយអន្ទាក់ចាប់សត្វព្រៃមួយកន្លែងស្ថិតនៅចំណុចភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើងនៅផ្ទះដែលមានម្ចាស់ឈ្មោះ ឡាច យីម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹង ឃុំមារិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដកហូតសត្វព្រៃសន្និធិគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើរួមមាន អណ្តើករស់ចំនួន ១ក្បាល សត្វក្តាន់ញ៉ែងងាប់ ១ក្បាល សាច់ប្រម៉ាស្រស់ទម្ងន់ ១៣គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ទម្ងន់ ៧៦គីឡូក្រាម រញីប្រផេះក្រៀមចំនួន ៧ក្បាល ក្រពះប្រម៉ាក្រៀមចំនួន ១៥ក្រពះ។

ដោយឡែកនៅម្ចាស់ផ្ទះឈ្មោះ ប៊ុន ថន កម្លាំងបានដកហូតបាន សាច់ជ្រូកព្រៃស្រស់ទំងន់ ៤២គីឡូក្រាម និងម្ចាស់ផ្ទះ ឈ្មោះ រស់ ឡុង ដកហូតសាច់ជ្រូកព្រៃស្រស់ទំងន់ ៤៨គីឡូក្រាម សត្វក្តាន់ញ៉ែងងាប់ចំនួន ២ក្បាល រញីបករផេះក្រៀមចំនួន ៤ក្បាល ក្រពះប្រម៉ាក្រៀមចំនួន១ និងម៉ូតូ១គ្រឿង៕