នៅថ្ងៃទី២២ ខែវិច្ឆិកាកាលពីក្នុងឆ្នាំ១៩០០ រថយន្តដំបូងដែលត្រូវបានផលិតក្រោមឈ្មោះយីហោ Mercedes ត្រូវបានគេយកគំរូទី១បំផុតសម្រាប់ការបើកសម្ពោធទីផ្សាររបស់ខ្លួននៅទីក្រុង Cannstatt ប្រទេសអាល្លឺម៉ង់។ រថយន្តនេះត្រូវបានផលិតឡើងជាពិសេសសម្រាប់អ្នកទិញ ម្នាក់ដែលមានឈ្មោះ Emil Jellinek គឺជាសហគ្រិនដែលមានចំណង់ចំណូលចិត្តចំពោះរថយន្តដែលមានល្បឿនលឿន និងឆើតឆាយ។

កាលពីដំបូងឡើយនៅឆ្នាំ ១៨៨៦ ក្រុមវិស្វករអាល្លឺម៉ង់២នាក់គឺលោក Gottlieb Daimler និង Wilhelm Maybach បានផលិតបាននូវរថយន្ដមុនដំបូងគេបង្អស់របស់ពិភពលោក ប៉ុន្តែមិនទាន់មានប្រើប្រាស់ម៉ាស៊ីនប្រភេទ Four Stroke Engine ឡើយ រហូតដល់ឆ្នាំ១៨៨៩ ទើបបុរសទាំង២នាក់នេះ អាចផលិតបានរថយន្តថ្មីដែលប្រើប្រាស់នូវកម្លាំងម៉ាស៊ីនប្រភេទនេះឡើងបាន ហើយក៏បានបង្កើតបានជាក្រុមហ៊ុនមួយដែលមានឈ្មោះថា Daimler Motoren Gesellschaft ឬ D-M-G ។

នៅឆ្នាំ១៨៩៦ លោក Emil Jellinek បានឃើញស្ពតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនរថយន្ត D-M-G នៅក្នុងកាសែតរបស់អាល្លឺម៉ង់ ទើបលោកបានសម្រេចចិត្តធ្វើដំណើរទៅដល់រោងចក្ររបស់វានៅក្នុងទីក្រុង Cannstatt តែម្តង ដើម្បីធ្វើការកម្ម៉ង់ទិញដោយរថយន្តដំបូងនោះអាចធ្វើដំណើរបានតែត្រឹម១៥ម៉ាល ក្នុងមួយម៉ោងប៉ុណ្ណោះ៕