ស៊ុតដាយណូស័រដែលជិតញាស់ ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មានអាយុកាល ៦៦លានឆ្នាំ

(ប៉េកាំង)៖ នេះជាអំប្រ៊ីយ៉ូ (embryo) ឬស៊ុតដាយណូស័រដែលជិតញាស់ ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ។ វាត្រូវបានដាក់ឈ្មោះថា អ៊ីងលាំង (Yingliang) និងអាចមានអាយុកាលចន្លោះពី ៧២លានឆ្នាំ មកដល់ ៦៦ឆ្នាំមុន (ជាអំឡុងពេលដែលអ្នកស្រាវជ្រាវអន្តរជាតិ បានអះអាងថា អាចម៍ផ្កាយដ៏ធំមួយ បានបុកភពផែនដី និងបំផ្លាញពូជពង្សដាយណូស័រទាំងអស់)។

យោងតាមការដកស្រង់ចេញពី សារព័ត៌មាន iScience នេះគឺជាការរកឃើញ អំប្រ៊ីយ៉ូដាយណូស័រ ក្នុងទម្រង់ល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ហ្វូស៊ីលថ្មីនេះ នឹងជួយឲ្យក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ស្វែងយល់បន្ថែមទៀតអំពីការផ្សាភ្ជាប់គ្នា រវាងសត្វដាយណូស័រមានស្លាបពីមុន និងសត្វបក្សីនានាក្នុងពេលបច្ចុប្បន្ន។

គួរបញ្ជាក់ ស៊ុត Yingliang ត្រូវបានប្រទះឃើញដំបូងកាលពីឆ្នាំ២០០០ នៅក្នុងខេត្តជាំងស៊ី (Jiangxi) នៃប្រទេសចិន ហើយក្រោយមកត្រូវបានបុរាណវិទូចិន Liang Liu ព្យាយាមគាស់កកាយតាមបច្ចេកទេស ដើម្បីរក្សារូបរាងដើមរបស់វា ដែលមានប្រយោជន៍ដល់ការសិក្សា ជាលក្ខណៈអន្តរជាតិ។ Yingliang មានបណ្តោយប្រវែង ១០.៦អ៊ីញ (២៧សង់ទីម៉ែត្រ) គិតចាប់ពីក្បាលដល់ចុងកន្ទុយរបស់វា ដោយពួនសម្ងំនៅក្នុងសំបកស៊ុតប្រវែង ៦.៧អ៊ីញ។

 

បច្ចុប្បន្ននេះ Yingliang កំពុងត្រូវបានដាក់់តាំងបង្ហាញ នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Yingli របស់ប្រទេសចិន។ បើតាមការសិក្សារួមគ្នាដោយក្រុមអ្នកស្រាវជ្រាវចិន, អង់គ្លេស និងកាណាដា ស៊ុតនេះកំពុងស្ថិតក្នុងដំណាក់ជិតញាស់ ហើយវាស្ថិតក្នុងអំបូរសត្វដាយណូស័រមានស្លាប (oviraptorid dinosaur) ដែលអាចរីកលូតលាស់ធំបំផុតដល់់ប្រវែង ២ម៉ែត្រ ទៅ ៣ម៉ែត្រ (គិតចាប់ពីក្បាលដល់ចុងកន្ទុយ)៕

 

ប្រភព៖ CGTN