កូវីដជាង១ឆ្នាំរកប្រាក់លែងបាន បុគ្គលិក បម្រើសេវា ពេលយប់ នាំគ្នាទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលថៃ ដោយ…

កូវីដជាង១ឆ្នាំរកប្រាក់លែងបាន បុគ្គលិក បម្រើសេវា ពេលយប់ នាំគ្នាទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលថៃ ដោយ…

ថៃ៖ ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីនៅ ប្រទេសថៃ នាំគ្នាមកតវ៉ានៅវិមានរដ្ឋាភិបាលដើម្បីទាមទាឲ្យរដ្ឋាភិបាលផ្តល់ជំនួយដល់ពួកគេ ដោយសារតែកន្លងមកមានការបិទអាជីវកម្មពេលយប់ធ្វើអោយប៉ះពាល់ហិរញ្ញវត្ថុរបស់ពួកគេខ្លាំងមែនទែន។

បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីទាំងអស់នោះត្រូវបានដឹកនាំឲ្យមូលនិធិ Empower Foundation ហើយភាគច្រើនៃពួកគាត់គឺជាបុគ្គលិកក្នុងក្លឹបរាត្រី បារ និងបៀរហ្គាឌិន។

បើតាមអ្នកស្រី Thanta Laowilawanyakul ដែលជាប្រធានមូលនិធិ Empower Foundation បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ គឺមានមានរយៈពេល ៤២៦ថ្ងៃហើយ ដែលអាជ្ញាធរថៃបានបិទទាំងស្រុងនូវកន្លែងផ្តល់សេវាកំសាន្តពេលរាត្រី ហើយពួកគាត់ក៏ត្រូវបាត់បង់ប្រាក់ចំណូលទាំងស្រុងផងដែរក្នុងរយៈជាង ១ឆ្នាំមកនេះ។

ប្រធានមូលនិធិរូបនេះបានបន្តថា ពួកគាត់ចង់ទាមទារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ៥,០០០ បាត (១៤៩ ដុល្លារអាមេរិក)ក្នុងមួយខែនិងត្រូវផ្តល់ជូនរហូតដល់ពេលដែលអាជ្ញាធរសម្រេចបើកអាជីវកម្មកំសាន្តពេលរាត្រីឡើងវិញ។ ឆ្លើយតបនឹងការតវ៉ាខាងលើនេះលោកស្រី Rachada Dhnadirek ដែលជានាំពាក្យឲ្យរដ្ឋាភិបាលថៃបានឲ្យដឹងថា រដ្ឋាភិបាលថៃបានអនុម័តកញ្ចប់ថវិកាចំនួន ៦០៧លានបាត (ជាង ១៨លានដុល្លារអាមេរិក)រួចហើយដើម្បីឧបត្ថម្ភដល់ក្រុមបុគ្គលិកបម្រើសេវាកំសាន្តពេលរាត្រីចំនួន ១២១,៤៣១នាក់ ដោយក្នុងនោះបុគ្គលិកម្នាក់នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥,០០០ បាត (១៤៩ ដុល្លារអាមេរិក) និងត្រូវទទួលបានតែម្តងប៉ុណ្ណោះ៕

ប្រភព៖ Bangkok Post