ក្រុមហ៊ុនយក្ស Apple មានគម្រោងបង្កើនការវិនិយោគរបស់ខ្លួន ២០% នៅសហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដោយលៃទុកដើមទុនរហូតដល់ទៅ ៤៣០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍស៊ីលីកូន (Silicon) ជំនាន់ថ្មី និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនបំផុត 5G នៅរដ្ឋចំនួន៩របស់សហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ល្បីរន្ទឺមួយនេះ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី២៦ មេសាថា ខ្លួននឹងបង្កើតការងារថ្មីចំនួន ២០,០០០កន្លែង នៅទូទាំងសហរដ្ឋអាមេរិក ហើយនឹងសាងសង់អគារថ្មីមួយ នៅរដ្ឋខារ៉ូឡាយណាខាងជើង (North Carolina)។
លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បានលើកឡើងថា “នៅខណៈនៃការងើបឡើង និងការស្ដារឡើងវិញនេះ ក្រុមហ៊ុន Apple កំពុងពង្រឹងការប្ដេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ថ្មី និងការផលិតនៅសហរដ្ឋអាមេរិក ជាមួយនឹងការវិនិយោគមួយដែលចូលដល់សហគមន៍ក្នុងរដ្ឋទាំង ៥០” ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ការវិនិយោគរបស់ក្រុមហ៊ុន Apple បានលើសគោលដៅនៃផែនការវិនិយោគ៥ឆ្នាំ ក្នុងទំហំទឹកប្រាក់៣៥០ពាន់លានដុល្លារ ដែលខ្លួនបានកំណត់ក្នុងឆ្នាំ២០១៨ រួចទៅហើយ។
ជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន Apple គ្រោងនឹងវិនិយោគជាង១ពាន់លានដុល្លារ នៅរដ្ឋខារ៉ូឡាយណាខាងជើង ដើម្បីសាងសង់អគារមជ្ឈមណ្ឌលវិស្វកម្មថ្មីមួយនៅតំបន់ Research Triangle។ ការវិនិយោគនេះ នឹងជួយបង្កើតការងារថ្មីយ៉ាងតិច៣.០០០កន្លែងផ្នែកវិភាគទិន្នន័យ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) វិស្វកម្មសូហ្វវែរ និងវិស័យបច្ចេកវិទ្យាជឿនលឿនផ្សេងទៀត៕