រថយន្តដឹកទំនិញធុនធំដាច់ហ្វ្រាំង បុករះ រថយន្ត ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿងបណ្ដាលឲ្យ រងរបួសជាច្រើននាក់

ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំ ឡើងស្ពានព្រះមុន្នីវង្សចាស់ រួចចុះស្ពានវិញ ដាច់ហ្វ្រាំង ជាន់លែងស៉ីបានជ្រុលបុករះរថយន្ត ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿងបណ្ដាលឲ្យមានមនុស្សប្រុស-ស្រីរងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានអាកាសព្រះមុន្នីវង្សចាស់ខាងលិច ចំណុចស្ថានីយប្រេងឥន្ធនៈ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្តធុនធំប្រភេទដឹកទំនិញ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-3338 ចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងទិសដៅពីកើតមកលិច ខណៈចុះដល់ចុងស្ពាន ចំណុចក្បែរប្រេងឥន្ធនៈឡានដឹកទំនិញបានដាច់ហ្វ្រាំងជាន់លែងជាប់ បានជ្រុលល្បឿនបុករះ រថយន្តចំនួន០៣គ្រឿង រួមមានរថយន្តម៉ាកព្រូស រថយន្តម៉ាកlexus330 រថយន្តម៉ាក PaJero ម៉ូតូកង់បីចំនួន០៤គ្រឿង និងម៉ូតូចំនួន០៣គ្រឿងបន្ថែមទៀត រួមទាំងបណ្ដាលឲ្យមនុស្សប្រុស-ស្រីចំនួន១៣នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះដែរម្ចាស់រថយន្តដឹកទំនិញបានព្យាយាមរត់គេចខ្លួន រហូតដល់ផ្លូវជាតិលេខ២ ម្ដុំប៉ុស្តិ៍រដ្ឋបាលចាក់អង្រែទើបត្រូវបាននគរបាលឃាត់ខ្លួនបាន។

ក្រោយពេលកើតហេតុសង្កេតឃើញមាននគរបាលមូលដ្ឋានខណ្ឌចំការមន និងនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសព្រះមុន្នីវង្ស ចុះដល់ទីតាំងកើតហេតុដើម្បីធ្វើកាសម្រួលចរាចរណ៍ ជៀសវាងបង្កការកក់ស្ទះចរាចរណ៍កាន់តែខ្លាំង។ និងធ្វើការវាស់វែងស្ទួចយករថយន្តបង្ក និងរថយន្តម៉ូតូកងបី ម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕