តុលាការទុយនីស៊ី កាត់ទោសអតីតប្រធានាធិបតី លោក Marzouki ដាក់ពន្ធនាគារ ដោយកំបាំងមុខ

(ទុយនីស)៖ តុលាការមួយនៅក្នុងប្រទេសទុយនីស៊ី បានរកឃើញថាអតីតប្រធានាធិបតី លោក Moncef Marzouki មានទោសកំហុសពាក់ព័ន្ធនឹងការធ្វើឱ្យខូចខាតដល់សន្តិសុខនៅក្រៅប្រទេសរបស់រដ្ឋ ហើយបានផ្តន្ទាទោសរូបលោកកំបាំងមុខដាក់ពន្ធនាគារ៤ឆ្នាំ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទុយនីស៊ី TAP នៅថ្ងៃពុធ ទី២២ ខែធ្នូនេះ។

លោក Moncef Marzouki ដែលបច្ចុប្បន្នកំពុងរស់នៅជ្រកកោន ក្នុងទីក្រុងប៉ារីស បានចោទប្រកាន់ប្រធានាធិបតីកាន់អំណាចសព្វថ្ងៃរបស់ទុយនីស៊ី គឺលោក Kais Saied ថាជាអ្នករៀបចំរដ្ឋប្រហារមួយ កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីលោក Kais ផ្ទាល់បានប្រកាសថាលោកបានផ្អាកដំណើរការនៃរដ្ឋសភាជាតិជាបណ្ដោះអាសន្ន និងបាន បណ្ដេញនាយករដ្ឋមន្ត្រីចេញពីតំណែង ព្រមទាំងព្យួរអភ័យឯកសិទ្ធិសមាជិកទាំងអស់ នៅចំពោះមុខវិបត្តិនយោបាយយ៉ាងជ្រៅ។ នៅមុខកាត់ទោសលោក Marzouki ធ្លាប់បានចេញមុខរិះគន់ និងអំពាវនឱ្យប្រជាជនទុយនីស៊ី ធ្វើបាតុកម្មប្រឆាំងនឹងលោក Kais Saied។

 

លោក Marzouki ត្រូវបានបោះឆ្នោតតែងតាំងជាប្រធានាធិបតីបណ្ដោះអាសន្នកាលពីឆ្នាំ២០១១ ដោយសភាធម្មនុញ្ញានៃប្រទេសទុយនីស៊ី ដើម្បីទទួលបន្ទុករៀបចំ រដ្ឋធម្មនុញ្ញថ្មីមួយ ក្រោយអតីតប្រធានាធិបតី លោក Zine el Abidine Ben Ali ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងបដិវត្តន៍ក្នុងពិភពអារ៉ាប់។ លោក Marzouki បានកាន់ តំណែងជាប្រធានាធិបតីទុយនីស៊ី រហូតដល់ឆ្នាំ២០១៤៕

ប្រភព៖ CNN