សម្តេចតេជោ ហ៊ុន សែន សម្រេចពិចារណា​លើការចាក់វ៉ាក់សាំងដូសទី៤ ដល់ក្រុមជួរមុខដោយប្រើប្រាស់វ៉ាក់សាំង ប្រភេទ Pfizer របស់អូស្រ្តាលី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចពិចារណា​លើការចាក់វ៉ាក់សាំងដូសទី៤ ដល់ក្រុមជួរមុខប្រមាណ៥០ម៉ឺននាក់ ដោយប្រើប្រាស់វ៉ាក់សាំង ប្រភេទ Pfizer ជាជំនួយរបស់អូស្រ្តាលី ដែលនឹងមកដល់នៅចុងសប្ដាហ៍នេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលគយ នៅព្រឹក​ថ្ងៃទី២៣ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំង ប្រភេទ Pfizer ដែលជាជំនួយរបស់អូស្រ្តាលី ដែលនឹងមក ដល់នៅថ្ងៃទី២៦ ខែធ្នូនេះ ហើយដែលសម្ដេច​នឹង​ទៅ​ទទួល​ដោយផ្ទាល់ផងនោះ ​នឹងត្រូវចាក់ជូនក្រុមជួរមុខ ដូចជា គ្រូ ពេទ្យ ទាហាន មន្ត្រីរាជការ ដែលមាន​ចំនួនប្រមាណ ៥០ម៉ឺននាក់ សម្រាប់ដូសទី៤។

សម្តេចតេជោ បានបញ្ជាក់សារជាថ្មីថា ការព្យាបាលកូវីដ-១៩ ដោយមិនយកលុយ គឺមាន​តែ​ស្រុក​ខ្មែរទេ។ ទាក់ទិននឹងការឆ្លងកូវីដនេះ ​ជាពិសេសប្រភេទមេរោគបំប្លែងថ្មី ​អូមីក្រុងនោះ ​សម្តេច​បានបញ្ជាក់ពី​ការ​ឆ្ល​ងមេរោគកូវីដ​ប្រភេទ​ថ្មីអូមី​ក្រុង​ គឺសូមកុំស្លន់ស្លោ ​ព្រោះមេរោគនេះ បើ​តាមពិនិត្យទៅ មិនមានអ្វីធ្ងន់ធ្ងរទេ៕