អាសន្នហើយ! ចិនបិទខ្ទប់ទីក្រុងមួយជាថ្មី ដោយសារផ្ទុះកូវីដ១៩

បរទេស៖ ប្រជាជនចិនជាង ១៣លាននាក់ នៅក្នុងទីក្រុង Xi’an ត្រូវបាន ឱ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលអាជ្ញាធរព្យាយាមដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ១៩។

បើតាមប្រភពព័ត៌មាន BBCបានអោយដឹងថា ទីក្រុងភាគខាងជើងមួយនេះ បានកត់ត្រាករណីឆ្លងចំនួន ១៤៣ករណី ចាប់ពីថ្ងៃទី ៩ ខែធ្នូ។ នៅក្រោមវិធានការរឹតបន្តឹងថ្មី ដែលបានប្រកាសកាលពីថ្ងៃពុធ គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះក្នុងគ្រួសារមួយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរៀងរាល់២ថ្ងៃម្តង ដើម្បីទិញទំនិញសំខាន់ៗសំរាប់ប្រើប្រាស់ ។

យើងក្រឡេកមើល អាជីវកម្មវិញ បើមិនមានការចាំបាច់ក៏ត្រូវបិទ បុគ្គលិករដ្ឋាភិបាលក្នុងតំបន់ ក៏ត្រូវបានប្រាប់ឱ្យធ្វើការពីផ្ទះផងដែរ។
អាជ្ញាធរបានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ គឺបង្កឡើងដោយវីរុសប្រភេទដែលតា (Delta) តែមិនបានលើកឡើងពីវត្តមានវីរុសថ្មីអូមីក្រុង (Omicron) នោះទេ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន អាជ្ញាធរបានធ្វើការបិទកន្លែងជាច្រើនរួចមកហើយនៅក្នុងទីក្រុងដូចជា បារ ក្លឹបហាត់ប្រាណ និងរោងកុនជាដើម ដែលជាវិធានការប្រុងប្រយ័ត្នទុកជាមុន៕