អាមេរិកបានអនុម័តការលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ទៅឱ្យប្រទេសលីទុយអានី ក្នុងតម្លៃជាងមួយរយលានដុល្លារ

(Reuters)៖ នៅថ្ងៃទី២១ ធ្នូ ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ទៅឱ្យរដ្ឋាភិបាលប្រទេសលីទុយអានី ក្នុងតម្លៃ ១២៥លានដុល្លារ។

ការអនុម័តនេះបានកើតឡើងខណៈដែលភាពតានតឹងកំពុងកើនឡើងខ្ពស់នៅអឺរ៉ុបខាងកើតដោយមានរុស្ស៊ីដាក់ទ័ពយ៉ាងច្រើនតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។

កញ្ចប់បញ្ជាទិញតម្លៃ ១២៥លានដុល្លាររបស់លីទុយអានី រួមមានមីស៊ីល FGM-148F ចំនួន ៣៤១ គ្រាប់ ឧបករណ៍បាញ់និងបញ្ជាចំនួន ៣០គ្រឿង ព្រមទាំងគ្រឿងបន្លាស់ និងជំនួយការបច្ចេកទេសផងដែរ។

ក្រសួងការពារជាតិអាមេរិកបាននិយាយថា៖ មីស៊ីលទាំងនេះ “នឹងជួយលីទុយអានីឱ្យកសាងសមត្ថភាពការពាររយៈពេលវែង ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងបំពេញនូវតម្រូវការការពារជាតិរបស់ខ្លួន”។

ប្រភព៖ Reuters