ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បំភ្លឺ​តប​គណនី​ឈ្មោះ​ Kelvin​ និង​សារព័ត៌មាន​ TV​ News​ បង្ហោះ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ នៅ​ស្រុក​កោះធំ​

​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ មេត្តា​ជ្រាប​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២១​ គណនី​ឈ្មោះ​ Kelvin​ និង​សារព័ត៌មាន​ TV​ News​ បាន​បង្ហោះ​ និង​ចុះ​ផ្សាយ​ មាន​ខ្លឹមសារ​ថា​ «​សូម​ជួយ​បងស្រី​ខ្ញុំ​ផង​បងប្អូន​ ខ្ញុំបាទ​ សម្បត្តិ​ មធូ​រ៉ា​ ជា​ប្អូនប្រុស​បង្កើត​របស់​ឈ្មោះ​ សម្បត្តិ​ ល​ក្ខិ​ណា​ ដែល​ជា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ដែល​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​

​ខ្ញុំបាទ​សូម​គោរព​ស្នើ​សុំ​ ឯកឧត្តម​ស្នងការ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មេត្តា​ជួយ​អន្តរាគមន៍​ និង​ជួយ​រក​យុត្តិធម៌​ជូន​បងស្រី​ខ្ញុំ​ និង​គ្រួសារ​របស់ខ្ញុំ​ក្នុង​ករណី​ខាងលើ​នេះ​ផង​ ព្រោះ​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​នៅឡើយ​ទេ​ ហើយ​បងស្រី​របស់ខ្ញុំ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​រួច​ផង​ដែរ​ប៉ុន្តែ​ស្ថានភាព​គឺ​ស្ងប់ស្ងាត់​គ្មាន​ដំណឹង​អ្វី​ទាំងអស់​មក​បងស្រី​របស់ខ្ញុំ​ ។​ ខ្ញុំ​សង្ឃឹមថា​យុត្តិធម៌​គឺ​មាន​សម្រាប់​បងស្រី​របស់ខ្ញុំ​ ព្រោះ​ពេល​នេះ​ស្ថានភាព​ស្មារតី​របស់​គាត់​គឺ​មានការ​ប៉ះពាល់​ជា​ខ្លាំង​ ក្រោយ​ទទួល​ហេតុការណ៍​ខាងលើ​មក​លើ​រូប​គាត់​ ។​ ខ្ញុំ​សង្ឃឹមថា​ ឯកឧត្តម​ស្នងការ​ខេត្ត​មេត្តា​ជ្រាប​ និង​ជួយ​ដល់​បងស្រី​របស់ខ្ញុំ​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ឯកឧត្តម​ស្នងការ​ លោក​ប្រកាន់​គោល​ជំហរ​បម្រើ​រាស្ត្រ​ និង​បំពេញ​តួនាទី​របស់​លោក​កន្លង​មក​ល្អ​ណាស់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ភាព​សប្បាយ​រីករាយ​ដែល​មាន​លោក​ជា​ស្នងការ​ក្នុង​ខេត្តកណ្ដាល​នេះ​ ដូច្នេះ​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ គឺ​មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​សុំ​យុត្តិធម៌​ពី​ឯកឧត្តម​ស្នងការ​ជួយ​បងស្រី​របស់ខ្ញុំ​ផង​ ។​ ខ្ញុំ​សុំ​ឲ្យ​បងប្អូន​មេត្តា​ជួយ​ Share​ សារ​មួយ​នេះ​ផង​ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​បងស្រី​ខ្ញុំ​ ដោយ​ក្ដី​គោរព​ពី​ខ្ញុំ​ និង​គ្រួសារ​ (​បងស្រី​!!​ ប្អូន​នឹង​រក​យុត្តិធម៌​ជូន​បង​ បង​ត្រូវ​រឹង​មាំ​ និង​ថែរក្សា​សុខភាពរ​បស់បង​ កុំ​គិត​ច្រើន​!!​ បង​នឹង​ទទួល​បាន​ភាព​យុត្តិធម៌​ឆាប់ៗ​នេះ​»​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរ​បាក​ខេត្តកណ្តាល​ ចាត់​ឲ្យ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ និង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ស្រាវជ្រាវ​បំភ្លឺ​ករណី​ខាងលើ​ ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖​

-​ ករណី​ :​ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ -​ កើតហេតុ​ ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១២​និង​២០​នាទី​ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ ភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​។​

-​ជន​រង​គ្រោះ​ឈ្មោះ​ សម្បត្តិ​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​។​

​ -​ជនសង្ស័យ​ឈ្មោះ​ JIMMY​ (​ជី​មី​)​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ ឥណ្ឌូ​នេ​ស៊ី​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ ស្នាក់​នៅ​ភូមិ​ ឃុំ​កើតហេតុ​។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​ -​លិខិតឆ្លងដែន​របស់​ឈ្មោះ​ JIMMY​ ចំនួន​០១,​ -​កូនសោ​ ចំនួន​០១​ចង្កោម​ (៧​កូនសោ​)​។​
​ករណី​នេះ​ក្រោយ​ពី​កើតហេតុ​ភ្លាម​ ជន​រង​គ្រោះ​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាលរ​ថ្ឋ​បាល​សំពៅ​ពូន​។​

​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​ កម្លាំង​ផ្នែក​ជំនាញ​ស្រុក​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន​ ចុះ​ស្រាវជ្រាវ​ទីកន្លែង​កើតហេតុ​ នាំ​ខ្លួន​ឈ្មោះ​JIMMY​ (​ជី​មី​)​ មក​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ ដើម្បី​សាកសួរ​តាម​នីតិវិធី​។​

​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៧​និង​២៩​នាទី​ យោង​តាម​បញ្ជា​របស់​ឯកឧត្តម​ លាវ​ ស្រេង​ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្តកណ្តាល​ អនុញ្ញាត​ឲ្យ​មេធាវី​ការពារ​ក្តី​ ធានា​យកឈ្មោះ​ JIMMY​ (​ជី​មី​)​ ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។​ នៅ​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​ ជនសង្ស័យ​ឈ្មោះ​ JIMMY​ (​ជី​មី​)​ ត្រូវ​បាន​លោក​មេធាវី​ ហួត​ សុខ​ជា​ អត្តលេខ​ ២០៤០​ សមាជិក​គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​មេធាវី​ក្រុម​មេធាវី​ ប៊ី​ ធី​ ស៊ី​ និង​សហការី​ ធានា​យក​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។​

​ក្រោយមក​កម្លាំង​ផ្នែក​ជំនាញ​ នៃ​អធិការ​នគរបាល​ស្រុក​កោះធំ​ បាន​ស៊ើបអង្កេត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​កា​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២១​។​

​បន្ទាប់​ពី​ការិយាល័យ​ជំនាញ​ពិនិត្យ​ត្រឹមត្រូវ​តាម​នីតិវិធី​ បាន​បញ្ជូន​សំណុំរឿង​នេះ​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២១​ រួចរាល់​។​

​បច្ចុប្បន្ន​ករណី​នេះ​ ជា​ចំណាត់ការ​របស់​តុលាការ​ ។​ អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ និង​បណ្តាញសារព័ត៌មាន​មេត្តា​ជ្រាប​ និង​កុំ​មានការ​ភ័ន្ត​ច្រឡំ​ ៕

 

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ