ត្រៀមខ្លួនទៅ ! ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ប្រកាសប្តឹង អ្នកចោទថាខ្លួនជាស្រីកំណាន់របស់ William Guang

ត្រៀមខ្លួនទៅ ! ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ប្រកាសប្តឹង អ្នកចោទថាខ្លួនជាស្រីកំណាន់របស់ William Guang

 

កាលពី ថ្មីៗនេះ ករណីប្លន់មួយបានកើតឡើងទៅលើគ្រួសារអភិជន គឺ ជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ធ្វើអោយកក្រើកស្ទើរតែមួយប្រទេស ហើយឈានទៅដល់ការលើកយកនិយាយតគ្នា វិភាគ វែកញែក  ដោយសារតែវាជាករណីកម្រមួយដែលមេក្លោងធំ ជាអ្នកមានមុខមាត់ក្នុងសង្គម ជាប្រធានគណបក្សនយោបាយ ជាបុគ្គលល្បី គឺលោក William Guang។

 

យ៉ាងណាមិញ ក្រោយរឿងរ៉ាវមួយនេះផ្ទុះ មានក្រុមអ្នកសារព័ត៌មាន និង មហាជនជាច្រើនបានចែករំលែក និង លើកយកមកវិភាគ រហូតដល់មានក្រុមសារព័ត៌មានមួយចំនួនតូច បានទម្លាយព័ត៌មានចោទប្រកាន់ថា ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ជាស្រីកំណាន់គ្មានទីបញ្ចប់របស់ វីល្លាម ដែលជារឿយៗ ពួកគេតែងណាត់ជួបគ្នាដើម្បីធ្វើដំណើរទេសចរណ៍ទៅឋានសួគ៌លោកីយ ហើយមានបុរសម្នាក់ឈ្មោះ ប៊ូ ចាន់នី រហស្សនាម ស្អែកស្លាប់ បានផ្តល់បទសម្ភាសក្នុងការផ្សាយផ្ទាល់ ជាមួយអង្គភាពព័ត៌មានមួយ ដោយនិយាយថា ៖ «ចោរប្លន់គ្នាវា សៀវម៉ី ជាស្រីកំណាន់ចិត្តរបស់ វីល្លាម មិនដឹងជាយ៉ាងមិចយ៉ាងម៉ា វាប្លន់គ្នាវា ក្បត់ជាតិគ្នាវា»។

 

ក្រោយបែកចេញដំណឹងនេះ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចាត់មេធាវីឱ្យរៀបចំឯកសារផ្លូវច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ក្រុមអ្នកសារព័ត៌មានទាំងនោះ និង ជនខាងលើ ដែលធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះ ចុះផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និង ក្រមសីលធម៌។

 

មេធាវីតំណាងជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បានបកស្រាយថា កូនក្តីរបស់ខ្លួនគឺមានស្វាមី និង កូនចំនួន ៣ នាក់រួចហើយ ហើយមិនមានទំនាក់ទំនងដូចការលើកឡើងនោះឡើយ សូមបងប្អូនកុំយល់ច្រឡំ និង សូមបញ្ឈប់ការចែករំលែកបន្តទៀត។ ក្នុងករណីមានការលើកឡើងនូវព័ត៌មានផ្ទុយពីការពិត ចោទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានភស្តុតាងច្បាស់លាស់ទៀតនោះ នឹងត្រូវចាត់វិធានការដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ជាធរមាន៕