ជនជាតិថៃប្រុសស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ

(ប៉ោយប៉ែត)៖ ជនជាតិថៃប្រុស.ស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ កាលរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

 

ពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែតឈមគ្នាច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីកម្លាំងនគរបាលការិយាល័យ ស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី កម្លាំងអធិការដ្ឋានក្រុង ប៉ោយប៉ែត និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៩១១ផងដែរ។

នគរបាលបានឱ្យដឹងថា ជនជាតិថៃប្រុសស្រីទាំង២៥នាក់នេះ មានស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងអគារជួលមួយកន្លែង ខាងកើតជាប់បុរីសានហូរ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែនមកស្នាក់នៅ និងធ្វើការខុសច្បាប់។