ព្រះសីហនុ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៩ និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅ ក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ភេទប្រុស ជនជាតិខ្មែរ ជាបន្តបន្ទាប់ (ក្នុងនោះមានជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោរកម៉ូតូ ចំណែក២នាក់ទៀត ពាក់ព័ន្ធនឹង ករណី ទទួលផលចោរកម្ម) ។
ជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ +សម្ភារបាត់បង់៖ -ម៉ូតូ ១គ្រឿង ម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ស្វាយ លេខទួ 5009840 លេខម៉ាស៊ីន 5009840 ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ។
សម្ភារវត្ថុតាងចាប់យកបាន ៖ -ម៉ូតូចំនួន ៦គ្រឿង ម៉ាក ZOOMER X ៤គ្រឿង, ម៉ាក HONDA ICON ១គ្រឿង និង SUZUKI MIO ១គ្រឿង, -ស្លាកលេខម៉ូតូ ចំនួន ១២ សន្លឹក , -កញ្ចក់ម៉ូតូ ១គូ, -កាងម៉ូតូ ១ ។
ករណីខាងលើ ស្នងការដ្ឋាននគរបាលខេត្តសូមជូនព័ត៌មានដល់ជនរងគ្រោះដែលបាត់ម៉ូតូ រួសរាន់មកពិនិត្យម៉ូតូដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ។ ចំណែកជនសង្ស័យ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕


