រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពានអាកាស​ នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ព្រោះស្ទះចរាចរណ៍ខ្លាំង

ដោយសារការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ីនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវលេខ២០១១។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី២០ធ្នូ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ បានស្ថាបនាបានច្រើនភាគរយហើយ និងបានដាក់ឲ្យដំណើរការ ផ្លូវមួយចំនួននៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ ។

ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឲ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ លំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវលេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ស្ពានអាកាសថ្មីមួយនេះគ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ។ នៅពេលការដោះស្រាយចរាចរណ៍នៅរង្វង់មូលចោមចៅបានល្អប្រសើរហើយ វាបែរមកកកស្ទះចរាចរណ៍ នៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា (ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី) នេះតែម្ដង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែធ្វើការសិក្សាដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀតនេះ៕