(Reuters) - សាក្សីរបស់សារព័ត៌មានរ៉យទ័របាននិយាយថា មនុស្សរាប់សែននាក់បានដើរក្បួនទៅកាន់វិមានប្រធានាធិបតីដែលស្ថិតនៅក្នុងរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ានឹងរដ្ឋប្រហារយោធាកាលពីថ្ងៃទី ២៥ ខែតុលា ហើយក្បួនដង្ហែរនោះត្រូវបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងពីកងកម្លាំងសន្តិសុខ។
ក្រុមគ្រូពេទ្យបាននិយាយថា មនុស្សជាច្រើននាក់បានរងរបួស។
បាតុករខ្លះបានទៅដល់ក្លោងទ្វារវិមាននោះ ហើយអ្នករៀបចំក្បួននោះបានអំពាវនាវឲ្យមានការចូលរួម បន្ថែមទៀតដើម្បីអង្គុយនៅទីនោះតាមគម្រោងបន្ទាប់ពីថ្ងៃលិច ប៉ុន្តែខ្សែវីដេអូបន្តផ្ទាល់បានបង្ហាញថា អ្នកដែលនៅសេសសល់ត្រូវបានកងកម្លាំងសន្តិសុខបាញ់ឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងដំណំ។
ការផ្ទុះការតវ៉ានេះជាការតវ៉ាដ៏ធំបំផុតមួយ ហើយជាបាតុកម្មធំទីប្រាំបួន ចាប់តាំងពីរដ្ឋប្រហារមក ដែលបានរំលឹកពីការដុតអគារគណបក្សកាន់អំណាចកាលពីឆ្នាំ ២០១៨ ដែលបានបណ្តាលឲ្យការបះបោរយ៉ាងខ្លាំង ហើយនាំឲ្យមានការផ្តួលរំលំមេដឹកនាំរបបផ្តាច់ការអ៊ីស្លាមលោក Omar al-Bashir ដែលកាន់អំណាចយូរឆ្នាំមកហើយ។
ការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនៅតែបន្ត ទោះបីជាមានការលោកនាយករដ្ឋមន្ត្រីឡើងកាន់តំណែងសារជាថ្មីកាលពីខែមុនក៏ដោយ ដោយសារតែក្រុមបាតុករទាមទារយោធាកុំឲ្យមានការពាក់ព័ន្ធផ្នែកបន្ថែមទៀតនៅក្នុងរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោតដោយសេរី ៕



