(Reuters) - កាលពីថ្ងៃអាទិត្យ ប្រទេសថៃបានបញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ាចំនួនជាង ៦០០ នាក់ ដែលបានភៀសខ្លួនពីការប្រយុទ្ធគ្នារវាងយោធា និងក្រុមឧទ្ទាមជនជាតិភាគតិច ឲ្យត្រឡប់ទៅកាន់ព្រំដែនប្រទេសវិញ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ថៃម្នាក់ដែលបាននិយាយថាការប៉ះទង្គិចគ្នានៅតែបន្ត។
ជនភៀសខ្លួនមួយចំនួនដែលបានទៅដល់ខេត្ត Tak ភាគពាយ័ព្យប្រទេសថៃបានប្រាប់សារព័ត៌មាន រ៉យទ័រមុនពេលដែលពួកគេត្រឡប់ទៅព្រំដែនវិញនៅព្រឹកថ្ងៃអាទិត្យថា ពួកគេស្ម័គ្រចិត្តត្រឡប់ទៅវិញ។ កាលពីរសៀលថ្ងៃអាទិត្យ អ្នកសារព័ត៌មានរ៉យទ័រនៅខាងព្រំដែនថៃបានឮសំឡេងកាំភ្លើងជាបន្តបន្ទាប់។
អភិបាលខេត្តលោក Somchai Kitcharoenrungroj បានប្រាប់សារព័ត៌មានរ៉យទ័រនៅរសៀលនោះថា “មនុស្សកាន់តែច្រើនស្ម័គ្រចិត្តត្រឡប់ទៅវិញ ដោយសារពួកគេព្រួយបារម្ភពីផ្ទះសម្បែងរបស់ពួកគេនៅទីនោះ”។
នាយករងអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Phil Robertson បានទទូចកុំឲ្យប្រទេសថៃ ប្រញាប់បញ្ជូនជនភៀសខ្លួនត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។
លោក Robertson បាននិយាយថា “មនុស្សគ្រប់គ្នាដឹងថាយោធាមីយ៉ាន់ម៉ាមានចេតនាកំណត់គោលដៅទៅលើជនស៊ីវិល ដោយប្រើកងកម្លាំងក្នុងការវាយប្រហារដ៏ឃោរឃៅ ដូច្នេះនេះមិនជាការបំផ្លើសទេក្នុងការនិយាយថា ជនភៀសខ្លួនទាំងនោះកំពុងភៀសខ្លួនដើម្បីជីវិតរបស់ពួកគេ” ៕


