ពេលបងទៅកុំស្ដាយក្រោយ! លែងលះមិនបានប៉ុន្មាន បុរសម្នាក់ចងកសម្លាប់ខ្លួន ដោយសារ…

កំពត៖ បុរសម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ខណៈឪពុក-ម្ដាយមិននៅផ្ទះហើយជុំវិញ ករណីនេះមានប្រភពជាច្រើន បានអះអាងថា បុរសរងគ្រោះចងកសម្លាប់ខ្លួន ព្រោះតែមានវិបត្តិផ្ទាល់ខ្លួន ដោះស្រាយមិនបាន តែមិនបានបញ្ជាក់ថាមានបញ្ហាអ្វីអោយប្រាកដនោះទេ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចផ្ទះ របស់ឪពុក-ម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បង្ករការភ្ញាក់ផ្អើលដល់អ្កភូមិនាំគ្នាមកមើលសឹងគ្រប់គ្នា។

 

បញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះ អ៊ីង រុំ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយជនរងគ្រោះ ដែលជាកូនប្រុសម្នាក់នេះ កន្លងមកក្រុមគ្រួសារបានដណ្តឹងប្រពន្ធ និងរៀបការដោយពេញច្បាប់នៅខេត្តកែប។ តែពេលនេះជនរងគ្រោះ បានលែងលះជាមួយប្រពន្ធ ហើយមករស់នៅផ្ទះជាមួយឪពុក-ម្តាយវិញ ដែលជាកន្លែងកើតហេតុ។

 

ម្តាយជនរងគ្រោះ បានបញ្ជាក់ទៀតថា ក្រោយពីលែងលះប្រពន្ធ បានប្រហែលជិត ៤ខែ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ចេះតែត្អូញត្អែរថា នឹកប្រពន្ធណាស់ តែជនរងគ្រោះមិនហ៊ានទៅលេងទេ ព្រោះតែម្តាយខាងស្រី បានហាមប្រាមដាច់ខាត មិនឲ្យជួបគ្នានោះឡើយ។

 

បន្ទាប់ពីមានករណីមនុស្សស្លាប់ ដោយសារចងកបែបនេះ សមត្ថកិច្ចជំនាញបានមកត្រួតពិនិត្យធ្វើកោសល្យវិច័យ លើសព ខ្លាចក្រែងពាក់ព័ន្ធនឹងករណីផ្សេង។ ប៉ុន្តែដោយសារគ្មានអ្វី ដែលគួរឲ្យកត់សម្គាល់នោះ សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕