ប្រិយមិត្តច្បាស់ជាទទួលជ្រាបរួចមកហើយ ជុំវិញករណី ក្មេងប្រុសតូចម្នាក់បាញ់សម្លាប់ខ្លួនឯង កាលពី កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ នៅក្នុងភូមិសាស្ត្រក្រុមទី ១២ ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លុះដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ស្ត្រី ម្នាក់មានគណនីឈ្មោះ Ly Liya បានចេញវីដេអូនិយាយពីរឿងតក់ស្លុតមួយ ដើម្បីជាសារដាស់តឿនដល់ឪពុកម្ដាយគ្រប់រូប ដែលរឿងនេះសំដៅដល់ក្មេងប្រុសម្នាក់ ដែលម្ចាស់គណនីនេះបានអះអាងថាបានបញ្ចប់ជីវិតរបស់ខ្លួនទាំងវ័យក្មេង ដោយសារតែលេងហ្គេមចាញ់ ទាំងដែលហ្គេមនោះគេបានលេងភ្នាល់ដាក់ជីវិត។
ក្រោយបានចេញវីដេអូរៀបរាប់ដំណើររឿងរួចមក ស្រាប់តែមានសារព័ត៌មាន ក៏ដូចជាមហាជនមួយចំនួន បានភ្ជាប់សាច់រឿងខាងលើ ទៅនឹងករណីក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដែលបានបាញ់បញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ទឹក ។
ពេលនេះស្រាប់តែបងស្រីបង្កើតរបស់សពក្មេងប្រុសរងគ្រោះ ដែលមានគណនីឈ្មោះ Tey Nyta បានបញ្ជាក់ជុំវិញករណីខាងលើ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ថា ៖ «ខ្ញុំជាក្រុមគ្រួសារនៃសព គ្រួសាររបស់ខ្ញុំមិនដែលស្គាល់នារីម្នាក់នេះទេ ហើយនារីម្នាក់នេះក៏មិនដឹងច្បាស់អំពីចរិតប្អូនប្រុសរបស់ខ្ញុំដែរ។ នារីម្នាក់នេះ និយាយត្រូវ ២០% ខុស ៨០% ទៅហើយ។ ខ្ញុំជាបងបង្កើតនៃសព សូមផ្ដាំទៅនារីម្នាក់នេះថា បើមិនដឹងរឿងច្បាស់ទេ សូមកុំយករឿងរបស់ខ្ញុំមកនិយាយ»។គួររំឭកផងដែរថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ដោយជនរងគ្រោះ ត្រូវជាប្អូនស្រីបង្កើតម្ចាស់គណនីខាងលើ មានឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ ១៣ ឆ្នាំ មានមុខរបរជាសិស្ស បានយកកាំភ្លើងរបស់ឪពុក ដែលមានមុខរបរជាកងរាជអាវុធហត្ថខេត្តសៀមរាប ម៉ាក SIG SAUR លេខតួ 27 11U-S បាញ់ខ្លួនឯងចំនួន ១ គ្រាប់ ត្រូវចំសៀតផ្កាខាងឆ្វេង ធ្លាយមកសៀតផ្កាខាងស្តាំ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗតែម្តង៕




