កូនអក្តញ្ញូ! ផឹកស្រាស្រវឹង សុំលុយម្ដាយ បួនម៉ឺនរៀល ខឹងម្ដាយមិនឲ្យ ដុតផ្ទះឆេះខ្ទិច

ខេត្តតាកែវ ៖ ឃាត់ខ្លូនជនសង្ស័យដែលជាកូន ស្រវឹងស្រា ប្រើប្រាស់ថ្នាំញៀន និងខឹងម្ដាយ សុំលុយមិនឲ្យក៏ឈ្លោះប្រកែកជាមួយម្ដាយរួចជនសង្ស័យខឹង ក៏បានដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ហើយក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ ។ មួយអាទិត្យក្រោយមក កម្លាំងនគរបាលស្រុកបាទី បានស្រាវជ្រាវរហូតឃាត់ខ្លូនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ នឹងកសាងសំណុំរឿង។

នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា (កូនដុតផ្ទះម្តាយ) កើតឡើងនៅត្រង់ចំណុចភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះស៊ីញ ប៉ោង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលរស់នៅភូមិកើតហេតុខាងលើ មុនពេលកើតហេតុ ជនសង្ស័យបានសុំលុយពីម្ដាយឈ្មោះ ជុំ ទីវ ភេទស្រី អាយុ ៦៨ឆ្នាំ ចំនួន៤០០០០រៀល(បួនម៉ឺនរៀល)តែម្ដាយអត់លុយ មានលុយអោយតែ២០០០០រៀល(ពីម៉ឺននរៀល) ក៏ឈ្លោះប្រកែកជាមួយម្ដាយរួចជនសង្ស័យខឹង ក៏បានដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ផ្ទះមានទំហំ ៣គុណ៤ ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ ខូចខាតសម្ភាររួមមាន : គ្រែចំនួន ០១ ទូដាក់ខោអាវ ចំនួន ០១ តុចំនួន ០១ នឹងសម្ភារប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ ជនសង្ស័យស្រវឹងផឹកស្រា ប្រើប្រាស់ថ្នាំញៀន និងខឹងម្ដាយសុំលុយចំនួន បួនម៉ឺនរៀល ម្ដាយមិនឲ្យ ឲ្យតែពីម៉ឺនរៀល ទើបបណ្ដាលឲ្យមានករណីខាងលើនេះកើតឡើង។ ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី យើងបានឃាត់ខ្លូនជនសង្ស័យឈ្មោះស៊ីញ ប៉ោង នៅចំណុចភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធី៕