លោក Biden ព្រមាន ពេលរដូវរងាក្នុងការឆ្លងជំងឺ និងការស្លាប់ សម្រាប់ប្រជាជនអាមេរិក មិនចាក់ វ៉ាក់សាំង

សារព័ត៌មាន បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានថា ប្រជាជនអាមេរិកដែលមិនបានចាក់វ៉ាក់សាំង កំពុងប្រឈមមុខទៅនឹងពេលរដូវរងារនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់ ហើយពួកគេនឹងមានចំនួនច្រើននៅមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ ក្នុងពេលមានការរាល ដាលវីរុសបម្លែងខ្លួនថ្មីប្រភេទ Delta និង Omicron។

បន្ទាប់ពីបានជួបពិភាក្សាជាមួយទីប្រឹក្សាផ្នែកសុខាភិបាលអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន បានលើកឡើងថាការចាក់វ៉ាក់សាំងដូសជំរុញ មិនមែនជារឿងថ្មីឡើយ ដូច្នេះលោកអំពាវនាវឲ្យប្រជាជនទាំងឡាយ ប្រញាប់ទៅទទួលការចាក់ឲ្យបានលឿនបំផុត។

រដ្ឋយ៉ាងហោចណាស់ចំនួន ៣៦ ហើយ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក បានប្រកាសពីការរកឃើញវត្តមានវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងពីមនុស្សទៅមនុស្ស លឿនរហ័សជាងវីរុសបំប្លែងខ្លួន Delta ឆ្ងាយ៕