បុរសម្នាក់ត្រូវជ្រូកព្រៃដេញខ្វេះបណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីព្យាយាមសម្លាប់ពេលវាជាប់អន្ទាក់

បុរសម្នាក់ជាអ្នក​ចាំចម្ការត្រូវបានជ្រូកព្រៃដែលជាប់អន្ទាក់ដេញខ្វេះបណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់​ពីព្រានព្រៃហៅឲ្យជួយសម្លាប់ ពេលជាប់អន្ទាក់ត្រែត្រូវជ្រូក​រើបម្រាស់​ដាច់ខ្សែ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ​ខែធ្នូ​ ឆ្នាំ២០២១​ នៅភូមិ​អន្លង់​ភូមិ​កាំ​ង​ចាម ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

លោក គង់ រី ប្រធាន​សហគមន៍​ឃុំ​កាំ​ង​ចាម បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៧​ នេះ​ថា ជ្រូកព្រៃ​នេះ​បាន​ជាប់អន្ទាក់​របស់​ព្រានព្រៃ​ម្នាក់ ហើយព្រាន​បានមក​ពឹង​អ្នកចម្ការ​ដំ​ឡូ​នៅក្បែរនោះ ឱ្យមក​ជួយ​វាយ​សម្លាប់ជ្រូក​ដែល​កំពុង​ជាប់អន្ទាក់។ ពេលទៅដល់​ ខណៈកំពុងយាកាំបិត​កាប់​ ជ្រូកព្រៃបាន​ហក់​ដាច់​ខ្សែ​អន្ទាក់​ដេញ​ខ្វេះ ដោយ​ម្ចាស់​អន្ទាក់រត់​រួចផុត ​បែរជា​មក​ខ្វេះ​អ្នក​ជួយបណ្តាលឱ្យ​រងរបួស​ក្រលៀន​និង​ភ្លៅ​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។​

លោក​ប្រធាន​សហគមន៍​បានបញ្ជាក់​បន្ថែមថា ជនរងគ្រោះមានឈ្មោះ ​អ៊ី​ន ត្រឿ​ន មាន​ទីលំនៅ​ភូមិ​កេស ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​សឹ្ទ​ង​ត្រែង​។​ ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សឹ្ទ​ង​ត្រែង​ ធ្វើការ​សង្គ្រោះបន្ទាន់។

បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ ដោយមាន​ការយកចិត្តទុកដាក់​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​៕​